ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនឹងបញ្ចប់ការសាងសង់តាមការគ្រោងទុកនៅឆ្នាំ២០២៣

២៦ កុម្ភៈ ២០២១ | សេដ្ឋកិច្ច

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឲ្យដឹងថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីអាចនឹងបញ្ចប់ការសាងសង់តាមផែនការដែលបានគ្រោងទុកនៅឆ្នាំ២០២៣។

 

នៅក្នុងដំណើរចុះត្រួតពិនិត្យមើលវឌ្ឍនភាពការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន Angkor International Airport Investment (Cambodia) ដែលបានធ្វើការសាងសង់ អាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរថ្មី សម្រេចការសាងសង់ទៅតាមផែនការ ដែលបានគ្រោងទុក។

 


ឯកឧត្តមបន្តអះអាងថា ខេត្តសៀមរាប នឹងទទួលបានអាកាសយានអន្តរជាតិថ្មីមួយទៀតក្នុងឆ្នាំ២០២៣ ខាងមុខនេះ ហើយអាកាសយានដ្ឋាននេះនឹងរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាខេត្តសៀមរាប ជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើនការងារនិងប្រាក់ចំណូលជូនប្រជាពលរដ្ឋដែលនឹងរួមចំណែកដល់ការអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព។

 


គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីត្រូវចំណាយទឹកប្រាក់ចំនួន ៨៨០ លានដុល្លារនិងបានចាប់ផ្តើមការសាងសង់កាលពីខែមីនា នឹងចំណាយរយៈពេល ៣ ឆ្នាំដើម្បីបញ្ចប់ការសាងសងជាស្ថាពរ។ 

 


អាកាសយានដ្ឋានថ្មី នេះក៏នឹងក្លាយជាអាកាសយានដ្ឋានធំជាងគេនៅកម្ពុជា មានទីតាំងស្ថិតនៅចម្ងាយ ៥១ គីឡូម៉ែត្រពីទីប្រជុំជនក្នុងខេត្តសៀមរាប និង ៤០ គីឡូម៉ែត្រពីរមណីយដ្ឋានអង្គរដែលគ្របដណ្ដប់លើផ្ទៃដីប្រមាណជា ៧០០ ហិកតា។

 


អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងថា បច្ចុប្បន្នការសាងសង់គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី សម្រេចបាន ៤០ភាគរយហើយ និងបើតាមផែនការរបស់ក្រុមហ៊ុនសាងសង់ថានៅបំណាច់ឆ្នាំ២០២១ ធ្វើយ៉ាងណាសម្រេចការសាងសង់ឲ្យបានជាង៦០ភាគរយ។

 


ឯកឧត្តមបន្តថា បើតាមការឲ្យដឹងពីក្រុមហ៊ុនសាងសង់ នៅពេលដែលដំណាក់កាលដំបូងនៃអាកាសយានដ្ឋានថ្មីមួយនេះត្រូវបានបញ្ចប់ អាកាសយានដ្ឋាននឹងទទួលបានអ្នកដំណើរ ៧ លាននាក់ជារៀងរាល់ឆ្នាំ ដែលជួយសម្រួលដល់វិស័យអាកាសចរណ៍និងការអភិវឌ្ឍទេសចរណ៍នៅខេត្តសៀមរាប ក៏ដូចជាជំរុញសេដ្ឋកិច្ចកម្ពុជា ខណៈដែលវិស័យទេសចរណ៍ជាឧស្សាហកម្មដែលមានសារៈសំខាន់៕
 

 

 

 

 

 

អត្ថបទ ស៊ឺន សុន និងរូបភាព ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024