ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ពួកបាតុករភូមាប្រកាសគាំទ្រការដាក់ទណ្ឌកម្មបន្ថែមទៀតពីសំណាក់ប្រទេសលោកខាងលិចទៅលើឧត្ដមសេនីយ៍យោធា

២០ កុម្ភៈ ២០២១ | ព័ត៌មានអន្តរជាតិ

 

ពួកបាតុករ និងក្រុមប្រឆាំងនឹងរដ្ឋប្រហារភូមា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការថ្មីៗបំផុតរបស់ពួកប្រទេសប្រជាធិបតេយ្យទៅលើឧត្ដមសេនីយ៍កំពូលៗដែលចូលរួមធ្វើរដ្ឋប្រហារផ្ដួលរំលំលោកស្រីអង់សានស៊ូជីពីតំណែង។ ចំណែកការហែបាតុកម្មនៅតាមដងផ្លូវ និងការធ្វើកូដកម្មមិនចូលធ្វើការ បន្តកើតមានឡើងទូទាំងប្រទេស។

 

 

 

 

 

 

ពួកបាតុករគាំទ្រចំពោះចំណាត់ការរបស់អង់គ្លេស ដែលផ្អឹបទុកទ្រព្យសម្បត្តិរបស់ឧត្ដមសេនីយ៍១ចំនួន និងហាមឃាត់ពួកគេមិនឲ្យធ្វើដំណើរទៅអង់គ្លេស។ ម៉្យាងទៀតអង់គ្លេសក៏ត្រៀមផ្ដាច់ជំនួយទាំងឡាយ ដែលអាចបានជាប្រយោជន៍របស់ពួកយោធា។ វិស័យឯកជនរបស់អង់គ្លេសក៏ត្រូវហាមឃាត់មិនឲ្យរកស៊ីជាមួយពួកយោធាផងដែរ។

 

 

 

ដោយឡែក ប្រទេសកាណាដាប្រកាសថា ខ្លួននឹងចាត់វិធានការទៅលើឧត្ដមសេនីយ៍យោធាភូមាចំនួន៩នាក់។ កាណាដាសូមអំពាវនាវទៅប្រទេសដទៃទៀតដាក់ចេញវិធានការស្រដៀងគ្នានេះ ដើម្បីគាបសង្កត់របបយោធាភូមាឲ្យវិលមករកគន្លងប្រជាធិបតេយ្យឡើងវិញ។ អង់គ្លេស និងកាណាដាកំពុងរង់ចាំមើលប្រតិកម្មរបស់សហភាពអឺរ៉ុបជាបន្តទៀត។

 

 

 

តាមគម្រោង អឺរ៉ុបនឹងប្រកាសពីគោលជំហររបស់ខ្លួននៅថ្ងៃទី២២ ខែកុម្ភៈ។ ប្រទេសជប៉ុន ទោះបីមិនប្រកាសថ្កោលទោសអំពើរដ្ឋប្រហារនេះ ប៉ុន្តែជប៉ុនក៏ឯកភាពជាមួយអូស្ត្រាលី, ឥណ្ឌា និងសហរដ្ឋអាមេរិកផងដែរថាប្រទេសភូមាចាំបាច់ត្រូវវិលទៅរកគន្លងប្រជាធិបតេយ្យឡើងវិញ។

 

 

 

 

 

 

សម្រាប់ទណ្ឌកម្មថ្មីៗនេះទៀត, របបយោធាក៏មិនមានប្រតិកម្ម ឬការឆ្លើយតបអ្វីទាំងអស់។ ជាក់ស្ដែងអ្នកនាំពាក្យយោធាថ្លែងថាខ្លួនអាចទស្សន៍ទាយដឹងតាំងពីដំបូងដៃថានឹងមានទណ្ឌកម្មបែបនេះកើតឡើង។

 

 

គួរកត់សម្គាល់ថាក្រៅពីការបញ្ចេញប្រតិកម្មទៅលើរបបយោធាពីសំណាក់ពួកប្រទេសប្រជាធិបតេយ្យ, នៅក្នុងប្រទេសភូមាឯណោះវិញ, ពួកអ្នកគាំទ្រលោកស្រីអង់សានស៊ូជីនៅតែបន្តហែបាតុកម្ម និងកូដកម្មទូទាំងប្រទេស។ ទោះបីកន្លងមកមានការប៉ះទង្គិចគ្នារវាងសមត្ថកិច្ច និងបាតុករយ៉ាងណាក្ដី, ក៏គេមិនទាន់ឃើញមានការបង្ក្រាបនៅក្នុងទ្រង់ទ្រាយធំនៅឡើយទេ។

 

 

ទោះជាយ៉ាងណាក្ដី អាជ្ញាធរបន្តតាមចាប់ខ្លួនអ្នកដឹកនាំចលនាបាតុកម្ម ឬបុគ្គលល្បីៗមួយចំនួន ដែលពួកយោធាយល់ថាអ្នកទាំងនោះបានដើរញុះញង់ ឬបំផុសបំផុលឲ្យមនុស្សធ្វើបាតុកម្ម និងកូដកម្ម។ តាមពិត អ្វីដែលប៉ះពាល់ខ្លាំងសម្រាប់ពួកយោធា គឺការធ្វើកូដកម្មមិនចូលធ្វើការពីសំណាក់បុគ្គលិកបម្រើការរដ្ឋ ដែលធ្វើឲ្យស្ថាប័នខ្លះដំណើរការរអាក់រអួល ឬលែងដំណើរការទាំងស្រុង។ រហូតមកដល់ពេលនេះ ពួកសិទ្ធិមនុស្សអះអាងថាចំនួនអ្នកជាប់ឃុំបានកើនឡើងដល់៥២១នាក់។

 

 

 

 

 


នៅក្នុងការប៉ះទង្គិចគ្នារវាងបាតុករ និងសមត្ថកិច្ចកាលពីពេលកន្លងមក, ស្ត្រីម្នាក់ដែលត្រូវប៉ូលិសបាញ់ត្រូវចំក្បាលកាលពីសប្ដាហ៍មុននោះ បានស្លាប់ហើយ, ដោយយោងតាមការអះអាងរបស់សាច់ញាតិជនរងគ្រោះ។ ប៉ូលិសម្នាក់ក៏បានស្លាប់ផងដែរកាលពីសប្ដាហ៍មុនដោយសារមុខរបួស។ កាលពីល្ងាចមិញ បាតុករ៣នាក់ទៀតរងរបួសដោយគ្រាប់សារកាំភ្លើងកៅស៊ូ។

 

 

តាមគម្រោង លោកស្រីអង់សានស៊ូជីត្រូវចូលរួមស្ដាប់សវនាកានៅថ្ងៃទី១ ខែមីនា ពាក់ព័ន្ធនឹងសំណុំរឿងចោទប្រកាន់ថាលោកស្រីបានរំលោភច្បាប់ស្ដីពីការគ្រប់គ្រងគ្រោះ មហន្តរាយ៕

 

 

 

 

ប្រែសម្រួល៖អនសំអាង

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024