ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ជាង ១០ ឆ្នាំក្នុងសិល្បៈ ភុល សុវណ្ណដានីន ទើបក្លាយជាអ្នកតំណាងផលិតផល 

២១ មករា ២០២១ | កម្សាន្ដ

នេះជាលើកដំបូងហើយដែលតារាសម្តែង ភុល សុវណ្ណដានីន ទទួលធ្វើជាអ្នកតំណាងផលិតផល មួយក្រោយពីប្រលូកក្នុងវិស័យសិល្បៈអស់ជាង ១០ ឆ្នាំ ។ 


ចូលឆ្នាំ ២០២១ ភ្លាមបុរសសង្ហារ ភុល សុវណ្ណដានីន មិនត្រឹមតែក្លាយទៅជាអ្នកតំណាងផលិតផលធុងបាសឱ្យក្រុមហ៊ុនធំមួយប៉ុណ្ណោះទេ លោកថែមទាំងមានភាគហ៊ុនតូចមួយនៅទីនោះផងដែរ ដែលកាន់តែបង្ហាញឱ្យឃើញថាតារាសម្តែងរូបនេះខ្លាំងមិនធម្មតាឡើយ ។ 

 

តារាសម្ដែង ភុល សុវណ្ណដានីន ត្រូវបានក្រុមហ៊ុន Life T International ប្រកាសជាផ្លូវការដោយទទួលធ្វើជាតារាតំណាងផលិតផលធុងបាសម៉ាក់ W King  កាលពីថ្ងៃទី ២០ ខែ មករា  ដោយមានការចូលរួមអបអរសាទរ ពីបណ្តាក្រុមហ៊ុនមួយចំនួន និង សិល្បករសិល្បការីនីល្បីៗជាច្រើន នាឱកាសនោះផងដែរក៏មានការបង្ហាញម៉ូដពីសំណាក់តារាសម្តែងជាច្រើនដួង ដែលធ្វើឱ្យកម្មវិធីកាន់តែកក្រើកឡើង ។


លោក ផាត តូម៉ាស់ អគ្គនាយកក្រុមហ៊ុន  Life T International បានបញ្ជាក់ប្រាប់ថា មានមូលហេតុជាច្រើនដែលធ្វើឱ្យលោកជ្រើសរើសលោក ភុល សុវណ្ណដានីន ធ្វើជាអ្នកតំណាងឱ្យផលិតផលធុងបាស W King ដោយលោករំពឹងថា វត្តមានលោក ភុល សុវណ្ណដានីន នឹងកាន់តែធ្វើឱ្យអតិថិជនចាប់អារម្មណ៍នូវ ផលិតផលរបស់ក្រុមហ៊ុនលោក ពីព្រោះលោក ភុល សុវណ្ណដានីន ជាតារាល្បីម្នាក់ដែលលោកស្គាល់ យូរឆ្នាំមកហើយ ។ 

 


ក្រឡេកមើលលោក ភុល សុវណ្ណដានីន វិញញញឹមបិទមាត់មិនជិតឡើយនៅក្នុងថ្ងៃពិសេសនោះ លោកបានឱ្យដឹងថា ជាង ១០ ឆ្នាំក្នុងសិល្បៈលោកមិនធ្លាប់បានទទួលធ្វើជាអ្នកតំណាងឱ្យក្រុមហ៊ុន ណាទេ ទើបតែឆ្នាំនេះលោកទទួលធ្វើការងារនេះ ។ 

 


ក្រៅពីចុះកុងត្រាទទួលធ្វើជាអ្នកតំណាងផលិតផលនៅក្នុងក្រុមហ៊ុននេះដោយគ្មានដែនកំណត់ លោក ភុល សុវណ្ណដានីន បានទម្លាយផងដែរថា លោកក៏មានភាគហ៊ុនតូចមួយនៅទីនោះដែរ ។

 

 

ថ្វីដ្បិតតែលោក ភុល សុវណ្ណដានីន មិនបញ្ជាក់ពីហ៊ុនដែលលោកមាន តែលោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការផ្សព្វផ្សាយពីផលិតផលនេះឱ្យកាន់តែល្បីល្បាញ ។ 

 


គួរបញ្ជាក់ផងដែរថា បុរសសសង្ហារ ភុល សុវណ្ណដានីន បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំងក្រោយពីលេចមុខ ក្នុងត្រេល័ររឿង « អ្នកទី ៣ » របស់ទូរទស្សន៍ ភីអិនអិន ដោយលោកសម្តែងជាតួអង្គ ព្រាននារីមានស្រីរាប់មិនអស់ ។  

 

 

ភុល សុវណ្ណដានីន ធ្លាប់បានចេញទៅរស់នៅប្រទេស អាលី្លម៉ង់ នៅឆ្នាំ ២០១១ ជាមួយម្តាយនិងបងប្អូន តែដោយសារនៅទីនោះពិបាកក្នុងការរស់នៅនិងប្រកបការងារលោកក៏បានវិលត្រឡប់មកកសាង ជីវិតនិងស្នាដៃក្នុងប្រទេស កម្ពុជា វិញ ។ ឆ្នាំនេះលោកមានវ័យ ៣៧ ឆ្នាំហើយ ៕ 

 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024