ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤

សាលាដំបូងរាជធានីភ្នំពេញ ប្រកាសលើកពេលសវនាការ រយៈពេល២សប្តាហ៍

០១ ធ្នូ ២០២០ | ព័ត៌មានជាតិ

សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសលើកពេលសវនាការ រយៈពេល២សប្តាហ៍ ដោយគិតចាប់តាំងពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ  ឆ្នាំ២០២០ ដោយហេតុថា មានការពាក់ព័ន្ធនឹងការរីករាលដាលនៃ Covid-19 ដល់ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ។ ម៉្យាងទៀតក៏មានមន្ត្រីមួយចំនួនតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃផងដែរ។

 


ការសម្រេចលើកពេលសវនការរបស់សាលាដំបូងរាជធានីភ្នំពេញរយៈពេល២សប្ដាហ៍ ក៏ព្រោះតែពន្ធនាគាររាជធានី ភ្នំពេញ(PJ) មណ្ឌលអប់រំកែប្រែទី១(ម១) និងមណ្ឌលអប់រំកែប្រែ ទី២(ម២) បានដាក់លិខិតមក សាលាដំបូងរាជធានីភ្នំពេញ ដែលមានកម្មវត្ថុស្នើសុំផ្អាករាល់សវនាការសម្រាប់ជនជាប់ឃុំនៅ ពន្ធនាគាររាជធានីភ្នំពេញ មណ្ឌលអប់រំកែប្រែ ទី១ និងមណ្ឌលអប់រំកែប្រែទី២ រយៈពេល ២សប្ដាហ៍ គិតចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដោយហេតុថា មានការ ពាក់ព័ន្ធនឹងការរីករាលដាលនៃជំងឺ Covid-19 ដល់ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ។

 


តាមសេចក្ដីជូនដំណឹងរបស់សាលាដំបូងរាជធានីភ្នំពេញ ក៏មានមន្ត្រីមួយចំនួនដែលតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ ដូចនេះការនាំជនជាប់ឃុំមកសវនាការ មិនអាចប្រព្រឹត្តទៅបានល្អ ពីព្រោះមិនមានកងកម្លាំងមន្ត្រីគ្រប់គ្រាន់ និងបង្ការការរីករាលដាលដល់ជនជាប់ឃុំ។ ម៉្យាងទៀតមន្ត្រីមួយចំនួននៃសាលាដំបូង ក៏ជាប់ធ្វើចត្តាឡីស័កក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» ផងដែរ។

 


ហេតុនេះសាលាដំបូងរាជធានីភ្នំពេញ សូមលើកសវនាការដែលបានគ្រោងទុកចន្លោះពេលនេះ ពាក់ព័ន្ធនឹងសំណុំរឿង ដែលមានជនជាប់ឃុំទៅពេលក្រោយវិញ លើកលែងតែករណីចាំបាច់មួយចំនួន ដែលចៅក្រមពិនិត្យតាមការជាក់ស្តែង។ ចំពោះការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃ និងការផ្តល់សេវា យុត្តិធម៌ជូនប្រជាពលរដ្ឋនៅដំណើរការជាធម្មតា ប៉ុន្តែមន្ត្រីទាំងអស់ត្រូវបំពេញ ភារកិច្ចរបស់ខ្លួនដោយប្រកាន់ខ្ជាប់នូវវិធានការអនាម័យរួមមាន ពាក់ម៉ាស់ លាងដៃ រក្សាគម្លាត ចៀសវាង ការប្រមូលផ្តុំ និងតាមដានសុខភាពជាប្រចាំ។

 


ថ្លែងចេញពីខេត្តសៀមរាប កាលពីព្រឹកមិញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាបានប្រកាសប្រើពេលវេលា ១៥ថ្ងៃ ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩ ក្រោយផ្ទុះព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» ទោះដើមចមនៃការចម្លងនេះ រកមិនទាន់ឃើញនៅឡើយទេ។ សម្ដេចបានដាក់ចេញនូវវិធានការចាំបាច់មួយចំនួន ដោយស្នើរអោយមានការចូលរួមពីប្រជាពលរដ្ឋផងដែរ ពិសេសអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ។

 

អត្ថបទ៖ សំ ជំនាញ, រូបភាព៖ និន សុខលី
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024