ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤

CBA រៀបចំការហ្វឹកហាត់ខ្នាតតូចមួយ ដើម្បីរក្សាគុណផលអត្តពលិក

០៤ ឧសភា ២០២០ | កីឡា

សមាគមកីឡាបេស្បលកម្ពុជាហៅកាត់ CBA  បានកៀរគរកីឡាករ-ការិនីរបស់ខ្លួន​ទាំង៥ក្លិប បង្កើតការហ្វឹកហាត់ខ្នាតតូចមួយ អំឡុង​មេរោគកូវីដ ១៩ កំពុងបង្កផលប៉ះពាល់នេះ។ 

 

លោក ឆែម ដារ៉ា  ប្រធាន CBA បានចាត់ទុក ការរៀបចំការហ្វឹកហាត់ខ្នាតតូចនេះ ជាការរួមចំណែកដ៏សំខាន់មួយ ស្របតាមការចង់បានរបស់សហព័ន្ធកីឡាបេស្បលកម្ពុជា ក្នុងការរក្សាគុណភាព​ដល់អត្តពលិករបស់ខ្លួន ក្នុងពេលដែលកម្ពុជា​បានផ្អាកការប្រមូលផ្តុំក្រុមជម្រើសជាតិ ដោយសារបារម្ភពីការរាលដាលនៃមេរោគកូវីដ១៩។

 


«ការហ្វឹកហាត់ដែលសមាគមយើងបានរៀបចំនេះ គឹជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍ​វិស័យកីឡាបេស្បលនៅកម្ពុជា។ នៅពេលចប់កូវីដ ប្រសិន​បើ​មានការរៀបចំព្រឹត្តិការណ៍​ប្រកួតក្នុង និងក្រៅស្រុក គឺយើងបានត្រៀមលក្ខណៈគ្រប់គ្រាន់ ជាជាងយើងមិនធ្វើវា គឺយើងនឹងជួបបញ្ហាបរាជ័យសម្រាប់ជម្រើសជាតិយើង ដូច្នេះទើបធ្វើឱ្យមានការហ្វឹកហាត់នេះ។ វាជាការពិតណាស់ ការណ៍ដែលយើងធ្វើនេះ គឺជាការសហការ និងរួមចំណែកជាមួយគ្នារវាងសមាគម និងសហព័ន្ធកីឡាបេស្បលកម្ពុជា ។ យើងមិនអាចធ្វើតែដៃម្ខាងបានទេ គឺមានន័យថា ទាំងសហព័ន្ធ និងសមាគម ត្រូវធ្វើរួមគ្នា ដើម្បីពង្រឹង និងរក្សាបានគុណភាពកីឡាករយើង ត្រៀមចូលរួមព្រឹត្តិការណ៍កីឡាជាតិ, ស៊ីហ្គេម ២០២១ វៀតណាម និងស៊ីហ្គេម ២០២៣»។

 

 


លោក ឆែម ដារ៉ា បន្តថា ទោះបីការហ្វឹកហាត់ដែលCBAរៀបចំ ពុំអាចឱ្យអត្តពលិកទាំងអស់ហាត់ព្រមគ្នាក្នុងពេលតែមួយបានក្ដី តែ CBA បាននឹងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីគ្រប់រូប ឱ្យបានចូលហ្វឹកហាត់ដូចគ្នា ដោយចែកពេល ឬវេនម្តងម្នាក់។

 


គួរបញ្ជាក់ថា ការហ្វឹកហាត់ខ្នាតតូចនេះ ធ្វើឡើងលើដំបូលទីស្នាក់ការសមាគម CBA ផ្ទាល់ តាមបណ្ដោយមហាវិថីសម្ដេចចៅហ្វាវាំង គង់ សំអុល (ផ្លូវ២០០៤)។ ក្លិបដែលចូលរួមហ្វឹកហាត់មានដូជា ៖ ក្លិប Eagle King, Cowboy, Blue Dragon, រាជសីហ៍ និងក្លិប (ជំពាក់សិន)៕

 

អត្ថបទ៖ ងិន មករា 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024