ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

ក្រុមហ៊ុនដឹកជញ្ជូនដ៏ល្បីរបស់ចិន គ្រោងពង្រីកទីផ្សារមកកាន់ប្រទេសកម្ពុជា និងក្នុងតំបន់

២៤ កញ្ញា ២០២០ | សេដ្ឋកិច្ច

ដោយសារតែ អាស៊ាន បានប្រែក្លាយជា ដៃគូពាណិជ្ជកម្មដ៏ធំបង្អស់មួយរបស់ ចិន នៅពេលនេះ ក្រុមហ៊ុនមកពីវិស័យដឹកជញ្ជូនចិន ដែលមានឈ្មោះថា Best Inc បានបង្ហាញពី គោលបំណងនាំយកមកនូវ ខ្សែចង្វាក់ផ្គត់ផ្គង់ និងសេវាកម្មផ្នែកភ័ស្តុភារកម្ម មកកាន់ ប្រទេសក្នុងតំបន់ រួមមានទាំង កម្ពុជា ផងដែរ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានអន្តរជាតិ ធំៗជាច្រើន នៅថ្ងៃនេះ។


កាលពីដើមឆ្នាំ ២០២០នេះក្រុមហ៊ុនចិនមួយនេះ បានចាប់ផ្តើមធ្វើប្រតិបត្តិការដឹកជញ្ជូនឆ្លងព្រំដែន រវាងប្រទេសចិន និងទីផ្សារប្រទេសចំនួន ៥ ក្នុងតំបន់អាស៊ីអាគេ្នយ៍ ដើម្បីបង្កើតបណ្តាញសេវាកម្ម នៅក្នុងសេដ្ឋកិច្ចតំបន់។


លើសពីនេះ ក្រុមហ៊ុនចិន Best Inc បានអះអាងថា កាលពីខែកក្កដា កន្លងទៅ ក្រុមហ៊ុន បានបង្កើតបណ្តាញសេវាកម្ម រួចរាល់ហើយ នៅក្នុងប្រទេសថៃ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសកម្ពុជា ដែលបានបង្កើតជា ការងារ ប្រាក់ចំណូលពន្ធ និងបរិយាកាសវិនិយោគ សម្រាប់អាជីវកម្មក្នុងស្រុក អាចអភិវឌ្ឍទៅជា ពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ប្រព័ន្ធបង់ប្រាក់ចល័ត និងវិស័យផ្សេងៗជាច្រើនទៀត ដែលកំពុងលូតលាស់។


ដោយដកស្រង់បទពិសោធន៍ និងសិក្សាពីគំរូអាជីវកម្ម នៅក្នុងប្រទេសថៃ និងវៀតណាម ក្រុមហ៊ុន Best Inc គ្រោងនឹងបង្កើត មជ្ឈមណ្ឌលរៀបចំទំនិញចំនួន ១២ និងស្ថានីយ៍សេវាកម្មចំនួន ៤០០កន្លែង នៅក្នុងប្រទេសម៉ាឡេស៊ីកម្ពុជា និងសិង្ហបុរី ក្នុងរយៈពេល ៣ឆ្នាំខាងមុខ។


គម្រោងខាងលើនេះ ក៏រាប់បញ្ចូលនូវ មជ្ឈមណ្ឌលគំរូពិសេសរៀបចំទំនិញ នៅក្នុងទីក្រុងកូឡាឡាំពួរ និងទីក្រុងភ្នំពេញ ដែលបំពាក់ទៅដោយ បច្ចេកវិទ្យាទំនើបចុងក្រោយ ដូចជា ម៉ាស៊ីនតំរៀបទំនិញដោយស្វ័យប្រវត្តិក្នុងល្បឿនលឿន និងប្រព័ន្ធស្កេនទម្ងន់ និងទំហំទំនិញ។


លោក Jonny Chou ដែលជាស្ថាបនិក និងជាប្រធាននៃក្រុមហ៊ុន Best Inc បានគូសបញ្ជាក់ថា តាមរយៈការវិនិយោគដ៏ខ្លាំងក្លា និងការបំពាក់នូវ ឧបករណ៍ស្វ័យប្រវត្តិកម្ម និងបច្ចេកវិទ្យាទំនើប ក្រុមហ៊ុន នឹងអាចចាប់យកចំណែកទីផ្សារ ក្នុងតំបន់អាស៊ីអាគ្នេយ៍ បានយ៉ាងមានប្រសិទ្ធិភាព ហើយវានឹងជួយ លើកស្ទួយដល់ សហគ្រាសធុនតូច និងមធ្យម នៅក្នុងស្រុក ដូចជាសេវាកម្មដឹកជញ្ជូនឆ្លាតវៃ និងពង្រឹងដល់ ភាពរីកលូតលាស់នៃសេដ្ឋកិច្ចឌីជីថល ក្នុងតំបន់។


លោកបន្តថា ក្រុមហ៊ុន នឹងផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹង ក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវដែក និងដៃគូក្នុងស្រុករវាង ប្រទេសចិន និងទីផ្សារអាស៊ាន ដើម្បីផ្តល់សេវាកម្មដឹកជញ្ជូនឆ្លងព្រំដែន ដែលបង្កើននូវទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

 

គួរជម្រាបថា បើតាមទិន្នន័យពី រដ្ឋបាលគយទូទៅចិន បានបង្ហាញថា ក្នុងរយៈពេល ៧ខែដើមឆ្នាំ ២០២០នេះ ទំហំពាណិជ្ជកម្មរវាង ចិន និងបណ្តាប្រទេសអាស៊ានសម្រេចបានជាង ៣៦៧ពាន់លានដុល្លារអាមេរិកដែលមានកំណើនជាង ៦% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ហើយបើតាមការស្រាវជ្រាវរបស់ស្ថាប័នអន្តរជាតិធំៗបានព្យាករណ៍ ទំហំពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ អាស៊ាន នឹងកើនឡើងពី ៣៨ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩ ទៅដល់ ១៥០ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៥ខាងមុខ ដែលជាឱកាសដ៏មានសក្តានុពល សម្រាប់វិស័យដឹកជញ្ជូនផងដែរ៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024