ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤

ក្រសួងសាធារណការ បើកកិច្ចប្រជុំពិភាក្សាគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ចំនួន ៣៨ខ្សែ នៅទីរួមខេត្តសៀមរាប

១០ កញ្ញា ២០២០ | ព័ត៌មានជាតិ

ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី៩ ខែកញ្ញានេះ បានបើកកិច្ចប្រជុំពិភាក្សាគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ចំនួន ៣៨ខ្សែ នៅទីរួមខេត្តសៀមរាប។ នេះជាការកិច្ចប្រជុំ លើកទីមួយ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានប្រកាសបញ្ចេញកញ្ចប់ថវិកាជាតិចំនួន ១៥០លានដុល្លារ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាបឡើងវិញ។

 


ក្រសួងសាធារណការ និងដឹកជញ្ជូន នៅសៀលថ្ងៃទី៩ ខែកញ្ញានេះ បានបើកកិច្ចប្រជុំ លើកទីមួយ ដើម្បីពិភាក្សាគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន ៣៨ខ្សែ នៅទីរួមខេត្តសៀមរាប។ 

 


កិច្ចប្រជុំនេះ ធ្វើឡើងក្រោមវត្តមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។ 

 


សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងសៀមរាបឡើងវិញ ជាព្រឹត្តការណ៍ដ៏សំខាន់មួយ ដែលប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងបានប្រគល់ភារកិច្ចបន្តជូនដល់ក្រុមការងារក្រោមការដឹកនាំរបស់សម្តេចដោយផ្ទាល់ ដើម្បីរៀបចំផែនការអភិវឌ្ឍន៍ជាដំណាក់កាល។

 


គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៤ ខែកញ្ញា បានប្រកាសបញ្ចេញកញ្ចប់ថវិកាជាតិដែលសន្សំបានចំនួន ១៥០លានដុល្លារ ដើម្បីស្ថាបនាផ្លូវចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាបឡើងវិញ ដែលមានប្រវែងសរុប៩៨,៣៤គីឡូម៉ែត្រ។

 


សូមជម្រាបដែរថា ខេត្តសៀមរាបគឺជាគោលដៅទី២ បន្ទាប់ពីខេត្តព្រះសីហនុ ដែលរដ្ឋាភិបាលចាត់ទុកជាអទិភាពស្ថាបនាផ្លូវឡើងវិញ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជួយស្តារសេដ្ឋកិច្ចជាតិក្រោយពីវិបត្តិកូវីដ១៩។ បើតាមផែនការគម្រោងស្ថាបនាផ្លូវនៅក្នុងក្រុងសៀមរាបទាំងអស់នឹងបញ្ចប់នៅចុងឆ្នាំ២០២១ខាងមុខ៕

អត្ថបទ៖ អឿន ភារ៉ា         រូបភាព៖ សុខ ពិសិដ្ឋ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024