ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤

មនុស្សម្នាក់បានស្លាប់នៅក្នុងហេតុការណ៍នៃឧទ្ធម្ភាគចក្រយោធាហោះបុកគ្នានៅប្រទេសជប៉ុន

ក្រសួងការពារជាតិជប៉ុនបាននិយាយថា មនុស្សម្នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ហើយ និងមួយចំនួនទៀតកំពុងបាត់ខ្លួនក្រោយពីឧទ្ធម្ភាគចក្រយោធាពីរគ្រឿងហោះបានធ្លាក់កាលពីយប់ថ្ងៃសៅរ៍។

 

 

 

 

 

រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក មីណូរូ គីហារ៉ា (Minoru Kihara) បាននិយាយថា សមាជិកអាកាសយានិកម្នាក់ត្រូវបានគេអះអាងថាបានស្លាប់ហើយ និងចំនួន ៧ នាក់ទៀតកំពុងបាត់ខ្លួនបន្ទាប់ពីឧទ្ធម្ភាគចក្រយោធាជប៉ុនពីរគ្រឿងបានធ្លាក់កាលពីថ្ងៃសៅរ៍។ យន្តហោះទាំងពីរនេះកំពុងហោះល្បាតតាមឆ្នេរសមុទ្រ ហើយក៏បាត់ការទាក់ទងនៅភាគខាងកើតនៃកោះតូរីស៊ីម៉ាជាផ្នែកមួយនៃប្រជុំកោះអ៊ីហ្ស៊ូ (Izu) នៅប្រទេសជប៉ុន។

 

លោក គីហារ៉ា បាននិយាយថា ប្រអប់ខ្មៅរបស់ឧទ្ធម្ភាគចក្រទាំងពីរត្រូវបានរកឃើញនៅជិតៗគ្នា ដូច្នេះហើយគេអាចសន្និដ្ឋានបានថា មូលហេតុនៃការធ្លាក់យន្តហោះទាំងពីរនេះអាចបណ្ដាលមកពីការហោះបុកគ្នានៅលើមេឃ។

 

បើតាមសេចក្ដីរាយការណ៍របស់ទូរទស្សន៍ជាតិជប៉ុន NHK និងក្យូដូ (Kyodo) បានឱ្យដឹងថា ឧទ្ធម្ភាគចក្រទាំងពីរកំពុងធ្វើសមយុទ្ធប្រឆាំងនឹងនាវាមុជទឹកកាលពីយប់ថ្ងៃសៅរ៍នៅជិតកោះតូរីស៊ីម៉ានៅក្បែរឆ្នេរសមុទ្រខាងត្បូងស្ថិតនៅភាគកណ្តាលនៃប្រទេសជប៉ុន បន្ទាប់មកការហ្វឹកហាត់នេះត្រូវបានផ្អាកទៅវិញ៕

 

 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024