ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤

ភ្លៀងបានបង្អុរធ្លាក់ខ្លាំងបង្កជាទឹកជំនន់ និងការបាក់ដីនៅខេត្តក្វាងទុងនៅប្រទេសចិន

ភ្លៀងបានបង្អុរធ្លាក់ខ្លាំងធ្វើឱ្យទឹកទន្លេជន់ឡើងហួសច្រាំងបង្កជាទឹកជំនន់ និងការបាក់ដីនៅខេត្តក្វាងទុងនៅប្រទេសចិនប៉ះពាល់ដល់ប្រជាពលរដ្ឋរាប់រយលាននាក់។

 

 

 

 

អាជ្ញាធរមូលដ្ឋានបាននិយាយថា ការធ្លាក់ភ្លៀងខ្លាំងជាច្រើនម៉ោងបានធ្វើឱ្យកម្រិតទឹកទន្លេ ផ្លូវទឹក និងអាងស្តុកទឹកមួយចំនួនជន់ឡើងហួសច្រាំងនៅក្នុងខេត្តក្វាងទុងនៅប្រទេសចិនកាលពីថ្ងៃអាទិត្យបង្កជាទឹកជំនន់ និងការបាក់ដី ដែលបង្ខំឱ្យរដ្ឋាភិបាលបង្កើតផែនការឆ្លើយតបជាបន្ទាន់ដើម្បីការពារប្រជាជនមូលដ្ឋានជាង ១២៧ លាននាក់។

 

រូបភាពថតពីលើមេឃចេញផ្សាយដោយទូរទស្សន៍ CCTV នៅជុំវិញទីក្រុងឈីងយូន (Qingyuan) បានបង្ហាញពីភូមិ និងដីស្រែមួយចំនួនបានលិចទឹកក៏ដូចជាការបាក់ដីដោយបានកាត់ផ្ដាច់ផ្លូវធ្វើដំណើរនៅក្នុងភូមិមួយចំនួននៅក្នុងទីក្រុងសាវគូន (Shaoguan)។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា មនុស្សជាង ៤៥ ០០០ នាក់ត្រូវបានជម្លៀសចេញពីលំនៅឋាននៅក្នុងទីក្រុងឈីងយូន ហើយរោងចក្រថាមពលមួយចំនួននៅក្នុងទីក្រុងហ្សាវឈីង (Zhaoqing) បានរងការខូចខាតបណ្ដាលឱ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន។

 

និយាយជារួមគឺថា ប្រជាពលរដ្ឋសរុបជាង ១  លានគ្រួសារនៅក្នុងខេត្តក្វាងទុងគ្មានចរន្តអគ្គិសនីប្រើប្រាស់ដោយសារតែការភ្លៀងធ្លាក់ខ្លាំងនេះ។ ចំណែកវិទ្យុរដ្ឋចិនបាននិយាយថា សាលារៀនប្រហែលជាង ១ ពាន់កន្លែងនៅតាមទីក្រុងទាំងនេះនឹងត្រូវផ្អាករៀននៅថ្ងៃចន្ទនេះ។

 

ទីភ្នាក់ងារព្យាករអាកាសធាតុរបស់ចិនបានរំពឹងថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្តរហូតដល់ថ្ងៃចន្ទនេះនៅក្នុងតំបន់ក្វាងស៊ី ខេត្តក្វាងទុង ខេត្តហ្វូជៀន និងខេត្តហ្សេជាំង៕

 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024