ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤

ជនជាតិជប៉ុន៥នាក់រួចរស់មានជីវិតក្នុងហេតុការណ៍វាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនៅប្រទេសប៉ាគីស្ថាន

ជនជាតិជប៉ុន៥នាក់នៅប្រទេសប៉ាគីស្ថាន បានរួចរស់មានជីវិត នៅពេលជនបំផ្ទុះគ្រាប់បែកអត្តឃាតបំផ្ទុះរថយន្តរបស់ពួកគេនៅថ្ងៃសុក្រ។ នៅក្នុងហេតុការណ៍ ប៉ូលីស បានបាញ់សម្លាប់ខ្មាន់កាំភ្លើងម្នាក់ដែលធ្វើសកម្មភាពរួមជាមួយជនបំផ្ទុះគ្រាប់បែកអត្តឃាត។ យោងអាជ្ញាធរប៉ាគីស្ថាន។ យ៉ាងណាក៏ដោយ ប្រជាជនក្នុងតំបន់២នាក់ស្លាប់ ដោយសាររងរបួសពីហេតុការណ៍នេះ។ 

 

 

 

 

គ្មានក្រុមប្រដាប់អាវុធណាមួយ អះអាងទទួលខុសត្រូវចំពោះហេតុការណ៍វាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនេះឡើយ។ ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតលើជនជាតិជប៉ុននៅទីក្រុងការ៉ាឈិ ប្រទេសប៉ាគីស្ថាន ត្រូវបានចាត់ទុកថាជាករណីកម្រ។ អាជ្ញាធរប៉ាគីស្ថាន បានឱ្យដឹងថា ជនជាតិជប៉ុនជាវិស្វករធ្វើការគ្រប់គ្រងនៅតំបន់កែច្នៃនាំចេញនៅទីក្រុងកំពង់ផែការ៉ាឈិ។ 

 

ជនដៃដល់ម្នាក់ក្នុងចំណោមជនដៃដល់ទាំង២នាក់ បានប្រើម៉ូតូដេញតាមរថយន្តជនជាតិជប៉ុន ហើយហក់ឡើងលើរថយន្តនៅពេលរថយន្តបន្ថយល្បឿន ហើយក៏បំផ្ទុះគ្រាប់បែកដែលចងភ្ជាប់នៅហ្នឹងខ្លួន ប៉ុន្តែការវាយប្រហារនេះបរាជ័យមិនចំគោលដៅ។ យោងមន្ត្រីប្រឆាំងភេរវកម្មប៉ាគីស្ថានលោក Raja Umar Khatabថ្លែងប្រាប់សារព័ត៌មាន។ ក្រោយមក ជនដៃដល់ម្នាក់ទៀត ក៏ចាប់ផ្តើមបាញ់ទៅលើរថយន្ត។ 

 

«ខ្ញុំគិតថាជនល្មើសបាញ់១៥ទៅ១៦គ្រាប់»។ លោក Khatabថ្លែង។ 

 

មន្ត្រីប៉ាគីស្ថានរូបនេះបន្តថា សន្តិសុខឯកជន និងប៉ូលីសល្បាតក្បែរនោះ បានបាញ់និងសម្លាប់ជនល្មើសទី២នេះ។ 

 

ក្រោយមកជនជាតិជប៉ុន បានបញ្ជូនទៅកន្លែងមានសុវត្ថិភាពស្ថិតក្រោមការមើលថែពីប៉ូលីស។ 



 

 

 

នៅទីក្រុងតូក្យូ លោក Yoshimasa Hayashi ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន ឱ្យដឹងក្នុងសន្និសីទសារព័ត៌មានថា ជនជាតិជប៉ុនម្នាក់រងរបួស។ 

 

លោក Shehbaz Sharif  នាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានថ្កោលទោសចំពោះការវាយប្រហារ និងបានលើកសរសើរចំណាត់ការរបស់ប៉ូលីសទាន់ពេលវេលាក្នុងការសង្គ្រោះជីវិតមនុស្ស។ 

 

ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម និងក្រុមបះបោរបំបែកខ្លួន ជាក្រុមដែលជាប់ពាក់ព័ន្ធនៅក្នុងការវាយប្រហារបង្ហូរឈាមផ្សេងទៀតនៅក្នុងប្រជាជាតិអាស៊ីខាងត្បូងមួយនេះ ដែលគោលដៅរបស់ពួកគេភាគច្រើនធ្វើឡើងទៅលើ ជាជនជាតិចិន។ 

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024