ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រេចទំហំពាណិជ្ជកម្មប្រមាណ ៦២៨លានដុល្លារ នៅ ២ខែដំបូង

២៩ មីនា ២០២៤ | សេដ្ឋកិច្ច


នៅក្នុងរយៈពេល ២ខែដំបូង ដើមឆ្នាំ ២០២៤នេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រេចទំហំពាណិជ្ជកម្មប្រមាណ ៦២៨លានដុល្លារ កើនឡើង ៣៨% បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយ គេហទំព័រផ្លូវការរបស់ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

 

 

ប្រភពដដែលបានគូសបញ្ជាក់ថា រយៈពេល ២ខែ ដើមឆ្នាំនេះ សហគ្រាសសរុបនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទាំងមូល សម្រេចបានទំហំទឹកប្រាក់នៃការនាំចេញនាំចូលសរុប ចំនួន ៦២៨លានដុល្លារអាមេរិក បានកើនឡើង ៣៨%។ទន្ទឹមគ្នានេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បាននឹងបន្តលើកកម្ពស់នូវ ការប្រកួតប្រជែងផ្នែកឧស្សាហកម្ម ផ្តោតសំខាន់ទៅលើ ការទាក់ទាញគម្រោងវិនិយោគដូចជា គ្រឿងម៉ាស៊ីន គ្រឿងបរិក្ខាររថយន្ត និងសំបកកង់រថយន្តជាដើម។

 


ចាប់តាំងពីដើមឆ្នាំ ២០២៤មក តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានទាក់ទាញសហគ្រាសថ្មីបន្ថែមចំនួន ៨សហគ្រាស ខណៈបច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានសហគ្រាសកំពុងវិនិយោគសរុបចំនួន ១៨៨ មកពីបណ្ដាប្រទេសជុំវិញពិភពលោក។

 


តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានផ្ទៃដីសរុបទំហំជាង ១ពាន់ហិកតា និងមានទីតាំងស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាង និងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

 


សូមជម្រាបដែរថា បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសចំនួន ២៤ ដែលដំណើរការនៅទូទាំងប្រទេស មានក្រុមហ៊ុនចំនួន ៦៥៥ កំពុងដំណើរការជាមួយទុនវិនិយោគសរុបជាង ៨ពាន់លានដុល្លារអាមេរិក ដោយផ្តល់ការងារដល់កម្មករប្រមាណ ១៧ម៉ឺននាក់ ខណៈ ៩០% នៃតំបន់សេដ្ឋកិច្ចពិសេស មានរោងចក្រមិនមែនកាត់ដេរ ស្បែកជើង និងទំនិញធ្វើដំណើរ៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024