ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤
ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤
សហព័ន្ធឧស្សាហកម្មថៃ បានបញ្ជាក់ថា ផលិតកម្មរថយន្តនៅក្នុងប្រទេសថៃ បានធ្លាក់ចុះ ១៩% នៅក្នុងខែកុម្ភៈ ធៀបនឹងឆ្នាំមុនមកត្រឹម ១៣ម៉ឺនគ្រឿង ភាគច្រើនដោយសារតែការនាំចូលរថយន្តអគ្គិសនីច្រើន និងការធ្លាក់ចុះនៃផលិតកម្មរថយន្តភីកអាប់។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃនេះ ដោយសារព័ត៌មានក្នុងស្រុកថៃ។
ប្រទេសថៃ គឺជាមជ្ឈមណ្ឌលផលិតរថយន្តដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ និងជាមូលដ្ឋាននាំចេញសម្រាប់ក្រុមហ៊ុនផលិតរថយន្តកំពូលមួយចំនួនរបស់ពិភពលោក រួមទាំង Toyota និង Honda ជាមួយនឹងរថយន្តភីកអាប់ ស្ថិតក្នុងចំណោមរថយន្តសំខាន់ៗដែលផលិតបាន។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ម៉ាកយីហោរថយន្តអគ្គិសនី របស់ចិនដូចជា BYD និង Great Wall Motor បាននិងកំពុងដំណើរការចូលទៅក្នុងវិស័យរថយន្តថៃ ដែលត្រូវបានជួយដោយការលើកទឹកចិត្ត និងការឧបត្ថម្ភធនពី រាជរដ្ឋាភិបាលថៃ។ជាក់ស្តែង ក្រុមហ៊ុនផលិតរថយន្តរបស់ចិន បានចំណាយប្រាក់ចំនួន ១ពាន់ ៤រយលានដុល្លារទៅក្នុងការវិនិយោគលើ ផលិតកម្ម។
សហព័ន្ធឧស្សាហកម្មថៃ បានបន្ថែមថា ការលក់រថយន្តសរុបធ្លាក់ចុះ ដោយសារតែតម្រូវការរថយន្តភីកអាប់ បន្តថមថយ ដោយសារច្បាប់តឹងរ៉ឹងពីស្ថាប័នហិរញ្ញវត្ថុដែលផ្តល់កម្ចី ខណៈការលក់រថយន្តដឹកអ្នកដំណើរធម្មតា បានធ្លាក់ចុះ ៤១% ។សូមជម្រាបថា សហព័ន្ធឧស្សាហកម្មថៃ បញ្ជាក់ថា ផលិតកម្មរថយន្តរបស់ប្រទេសថៃ ត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើងពី ៣% ដល់ ១លាន ៩សែនគ្រឿងនៅឆ្នាំនេះ ទោះបីជាមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចជាច្រើនក៏ដោយ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ