ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ក្រុមហ៊ុនចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន កើនលើស ៣៤ពាន់ក្រុមហ៊ុន

២៨ មីនា ២០២៤ | សេដ្ឋកិច្ច

 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានប្រកាសឱ្យដឹងថា ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ស្វាគមន៍នូវ ក្រុមហ៊ុនចុះបញ្ជីសរុបជាង ៣ម៉ឺន ៤ពាន់ក្រុមហ៊ុន គិតត្រឹមថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤នេះ ដែលមានទុនចុះបញ្ជីសរុបលើសពី ១០ពាន់ ៤រយលានដុល្លារអាមេរិក។

 

 

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានបង្ហាញថា អំឡុងពេលជាង ៣ឆ្នាំមកនេះ ក្រុមហ៊ុនចំនួនជាង ៣ម៉ឺន ៤ពាន់ បានចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន និងទទួលបានការអនុម័ត ដែលមានទំហំទឹកប្រាក់ជាង ១០ពាន់ ៤រយលានដុល្លារអាមេរិក។

 


ចំពោះ អាជីវកម្មដែលបានចុះបញ្ជីគិតជាដើមទុនវិនិយោគតាមវិស័យ គឺមានវិស័យ ៥ លេចធ្លោជាងគេ រួមមាន ការសាងសង់អគារ មាន ១១% គិតជាទឹកប្រាក់ ១,១ពាន់លានដុល្លារអាមេរិក, សកម្មភាពសេវាកម្មស្នាក់នៅ មានជាង ៩% ប្រមាណ ១ពាន់លានដុល្លារអាមេរិក, សកម្មភាពអចលនទ្រព្យ ដោយប្រើអចលនទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ ១០%, សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង មាន ៥%, កម្មន្តសាលសម្លៀកបំពាក់ លើកលែងសម្លៀកបំពាក់ធ្វើពីរោមសត្វ មាន ៥%, និងវិស័យផ្សេងទៀតប្រមាណ ៥៧% នៃដើមទុនចុះបញ្ជីសរុប។

 


រីឯ កម្មវត្ថុអាជីវកម្មដែលបានចុះបញ្ជីច្រើនជាងគេគឺ សកម្មភាពសេវាកម្មភោជនីយដ្ឋាន និងសេវាកម្មផ្គត់ផ្គង់អាហារចល័តមានជិត ៣ពាន់សហគ្រាស ការលក់ដុំឯកទេសផ្សេងៗមានជាង ២ពាន់សហគ្រាស និងកម្មវត្ថុផ្សេងៗមានជាង ២ម៉ឺន ៤ពាន់សហគ្រាស ស្មើនឹង ៧១% នៃចំនួនក្រុមហ៊ុន/សហគ្រាសសរុប។ចំពោះម្ចាស់ក្រុមហ៊ុន/សហគ្រាស ដែលបានចុះបញ្ជី ដែលជាស្រ្តី មានប្រមាណ ៣៨% នៃចំនួនសរុប។

 


ដោយឡែក នៅក្នុងដំណាក់កាលទី ២ ចំនួនពាក្យស្នើសុំអនុម័តសរុប មានចំនួនជាង ២ម៉ឺន ៤ពាន់ ដែលបានធ្វើតាមរយៈស្ថាប័នចំនួន ៦ រួមមាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងទេសចរណ៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បេឡាជាតិសន្តិសុខសង្គម និយ័តកធានារ៉ាប់រងកម្ពុជា និងនិយ័តករអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ៕

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024