ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤
ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤
នៅក្នុងរយៈពេល ២ខែ ដើមឆ្នាំ ២០២៤នេះ ប្រទេសកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មជាង ៣២៥លានដុល្លារអាមេរិក ជាមួយប្រទេសជប៉ុន មានការកើនឡើង ៩% បើប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យផ្លូវការចេញផ្សាយដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ប្រភពដដែលនេះ បានគូសបញ្ជាក់ឲ្យដឹងថា ក្នុងទំហំពាណិជ្ជកម្មអំឡុងពេលនេះ កម្ពុជា សម្រេចបានការនាំចេញជាង ២៣៧លានដុល្លារអាមេរិក ទៅកាន់ជប៉ុន ដែលកើនឡើង ១៥% ខណៈកម្ពុជា នាំចូលពីប្រទេសជប៉ុនវិញ ប្រមាណ ៨៨លានដុល្លារអាមេរិក ធ្លាក់ចុះ ៤% ហើយវាបានធ្វើឲ្យ កម្ពុជា មានអតិរេកពាណិជ្ជកម្មប្រមាណ ១៥០លានដុល្លារអាមេរិក។
ក្នុងឆ្នាំ ២០២៣កន្លងទៅនេះ ប្រទេសកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មជិត ១ពាន់ ៨រយលានដុល្លារអាមេរិក ជាមួយប្រទេសជប៉ុន មានការធ្លាក់ចុះ ៧% បើប្រៀបធៀបនឹងឆ្នាំ ២០២២ ដោយកម្ពុជា សម្រេចបានការនាំចេញជាង ១ពាន់ ១រយលានដុល្លារអាមេរិក ទៅកាន់ជប៉ុន ដែលកើនឡើង ០,២% ខណៈកម្ពុជា នាំចូលពីប្រទេសជប៉ុនវិញ ប្រមាណ ៦២៣លានដុល្លារអាមេរិក ធ្លាក់ចុះ ១៨%។
ផលិតផលសំខាន់ៗដែលកម្ពុជា បាននំាចេញទៅជប៉ុនមានដូចជា ស្បែកជើង សម្លៀកបំពាក់ កសិផល និងគ្រឿងបង្គុំម៉ាស៊ីនអគ្គិសនី ចំណែកឯ កម្ពុជា នាំចូលពីជប៉ុនវិញគឺ ផលិតផលគ្រឿងម៉ាស៊ីនសម្រាប់ដំណើរការរោងចក្ររថយន្ត គ្រឿងអេឡិចត្រូនិក គ្រឿងចក្រសម្រាប់វិស័យកសិកម្ម និងគ្រឿងបរិក្ខារសម្រាប់លំនៅដ្ឋានជាដើម។
សូមជម្រាបថា ក្នុងឆ្នាំ ២០២៣នេះ ប្រទេសកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មជាង ៤៦ពាន់លានដុល្លារអាមេរិក មានការធ្លាក់ចុះប្រមាណ ២% បើប្រៀបធៀបនឹងឆ្នាំ ២០២២ ក្នុងនោះ ការនាំចេញមានទំហំ ២២ពាន់លានដុល្លារ និងការនាំចូលមានទំហំជាង ២៤ពាន់លានដុល្លារអាមេរិក៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ