ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤

សៀវភៅវិជ្ជាជីវៈសារព័ត៌មាន ដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ

២៤ កក្កដា ២០២០ | ព័ត៌មានជាតិ

សៀវភៅវិជ្ជាជីវៈសារព័ត៌មាន ដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត ដែលជាសៀវភៅមេរៀនសម្រាប់ការអប់រំ និងបណ្តុះបណ្តាលផ្នែកវិជ្ជាជីវៈសារព័ត៌មាន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៣ ខែកក្កដានេះ ក្រោមវត្តមានឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន តំណាងអង្គការយូណេស្កូ និងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា។

 


ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងថា សៀវភៅនេះ ជាគោលគ្រឹះសំខាន់សម្រាប់បែងចែកឲ្យដាច់រវាងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ក៏ដូចជាធ្វើយ៉ាងណាឲ្យអ្នកសារព័ត៌មានយល់ច្បាស់ពីវិជ្ជាជីវៈរបស់ខ្លួន និងពន្យល់ឲ្យសាធារណៈជនចេះត្រួតពិនិត្យប្រភពព័ត៌មានផងដែរ។

 


ដោយឡែក លោក ពុយ គា អគ្គលេខាធិការក្លិបអ្នកកាសែតកម្ពុជា និងជាអ្នកឆ្លើយឆ្លងព័ត៌មាននៃទីភ្នាក់ងារ ក្យូដូ បានលើកឡើងថា សៀវភៅវិជ្ជាជីវៈសារព័ត៌មាន ដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត ពិតជាមានសារៈសំខាន់សម្រាប់អ្នកសារព័ត៌មាន និងឆ្លើយតបក្នុងបរិបទប្រទេសកម្ពុជា។ អ្នកសារព័ត៌មានជើងចាស់រូបនេះ បានជំរុញឲ្យអ្នកសារព័ត៌មានព្យាយាមអានសៀវភៅនេះ ដើម្បីពង្រឹកវិជ្ជាជីវៈប្រចាំថ្ងៃរបស់ខ្លួន។

 


សូមជម្រាបថា សៀវភៅវិជ្ជាជីវៈសារព័ត៌មាន ដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត ជាឯកសារលំដាប់របស់អង្គការយូណេស្កូលើការអប់រំផ្នែកវិជ្ជាជីវៈផ្នែកសារព័ត៌មាន។ សៀវភៅនេះ ត្រូវបានបោះពុម្ពផ្សាយនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ហើយត្រូវបានបកប្រែជាភាសាខ្មែរ ដើម្បីឲ្យអ្នកសារព័ត៌មានរាប់ពាន់អ្នកនៅកម្ពុជាអាចប្រើប្រាស់សៀវភៅនេះបាន ជាមេរៀនសម្រាប់ការអប់រំ ការបណ្តុះបណ្តាលផ្នែកវិជ្ជាជីវៈ និងជួយពង្រឹងវិស័យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា៕

អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ សុខជួប រិទ្ធីបញ្ញា

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024