ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

រដ្ឋមន្ត្រីព័ត៌មាន៖ រដ្ឋាភិបាល មិនបានបិទ RFA និង VOA ទេ

២៥ សីហា ២០១៧ | ព័ត៌មានជាតិ

ក្នុង​សន្និសីទកាសែត កាលពី​​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៧ នៅ​ទីស្តីការក្រសួង​ព័ត៌មាន ឯកឧត្តម​ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានបញ្ជាក់​ហើយ​បញ្ជាក់ទៀតថា រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​ព័ត៌មាន មិនបាន​បិទ​វិទ្យុ​អាស៊ីសេរី RFA និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក VOA នៅក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​។​ ប៉ុន្តែ ​ក្រសួងព័ត៌មាន​ បាន​សម្រេច​បិទ​វិទ្យុក្នុងស្រុកមួយចំនួន​ ដែលបាន​រំលោភលើកិច្ចសន្យារវាង​ម្ចាស់ស្ថានីយវិទ្យុទាំងនោះ ជាមួយ​នឹងក្រសួងព័ត៌មាន​ ហើយវិទ្យុ​ក្នុងស្រុក ដែលត្រូវក្រសួងព័ត៌មាន​ ដកអាជ្ញាប័ណ្ណនោះ បានជួលម៉ោងផ្សាយ​ឲ្យវិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក​ ​។

 

 

 

ដោយបញ្ជាក់ហើយបញ្ជាក់ទៀត​​យ៉ាងច្បាស់​នូវ​ជំហរ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​ព័ត៌មាន ឯកឧត្ត​ម​​​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក៏បាន​ប្រកាស​ទាមទារ​ឲ្យ​វិទ្យុ ដែល​ទទួល​ជំនួយ​ពី​អាមេរិក​ទាំង ២​នេះ គឺ​វិទ្យុអាស៊ីសេរី​ RFA និង​វិទ្យុសំឡេងសហរដ្ឋអាមេរិក​ VOA ផ្សាយ​កែតម្រូវ​ឡើងវិញ​ថា ក្រសួង​ព័ត៌មាន មិនបាន​បិទ​វិទ្យុ​ទាំងពីរ​នេះ​ទេ​។ ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី ​​បាន​ប្រកាសចាំ​មើល​ជំហរ​របស់​វិទ្យុ​ទាំង ២​នេះសិន មុននឹង​ពិចារណា​​លើ​ការបើក​ការិយាល័យ​របស់​វិទ្យុ​ទាំងពីរ នៅ​រាជធានី​ភ្នំពេញ​។​

 

 

ឯកឧត្តម​រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ ក៏​បាន​​ព្រមាន​​ថា ម្ចាស់​ស្ថានីយ​វិទ្យុ​ក្នុងស្រុក ដែលរំលោភ​លើកិច្ចសន្យាជាមួយក្រសួងព័ត៌មាន ដោយ​​បាន​ជួល​ម៉ោង​ផ្សាយ​​ឲ្យ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD វិទ្យុ​​អាស៊ី​សេរី RFA និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក VOA ក៏​ត្រូវ​​ប្រឈមមុខ​តាមផ្លូវ​ច្បាប់ដោយ​​ក្រសួង​ព័ត៌មាននឹង​ប្តឹង​ ទៅ​តុលាការ ករណី​រំលោភ​កិច្ចសន្យា និង​រំលោភសេចក្តីទុកចិត្ត​នេះ​​ផងដែរ​។​

យ៉ាង​ណា​ក៏​ដោយ ឯកឧត្តម ​​ខៀវ ​កាញារីទ្ធ បាន​បញ្ជាក់ថា រហូតដល់ពេលនេះ នៅមានវិទ្យុមួយចំនួន នៅតែបន្តផ្សាយ​ព័ត៌មានរបស់​វិទ្យុ​​​អាស៊ីសេរី RFA និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក VOA ដដែល។

 

 

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៧ ឯកឧត្តម ​ខៀវ​កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញ​លិខិត​ជូនដំណឹង​ទៅកាន់​ម្ចាស់​ស្ថានីយ​វិទ្យុ​មួយចំនួន ក្នុងនោះ រួមមាន​វិទ្យុ​មហានគរ FM 93.50 MHz នៅ​ភ្នំពេញ និង​ស្ថានីយ​ផ្សាយ​បន្ត​តាម​បណ្តា​ខេត្ត​នានា ឈប់​ឲ្យ​ផ្សាយ​បន្ត​ទៀត ដោយសារ​សំអាងថា វិទ្យុ​នេះ បាន​រំលោភ​កិច្ចសន្យា​ជាមួយ​ក្រសួង​ព័ត៌មាន ព្រោះតែ​វិទ្យុ​នេះ យក​ម៉ោង​ផ្សាយ​របស់ខ្លួន ជួល​ឲ្យ​គេ​។​

 

ពាក់ព័ន្ធនឹងកាសែត  Cambodia Daily ក៏ត្រូវបាន​ឯកឧត្តម ខៀវ កាញារីទ្ធ លើកឡើងថា មិនមែនជារឿង​ សេរីភាពសារព័ត៌មានទេ។ តែជាករណី​ផ្លូវច្បាប់ ដែលកាសែតនេះ មិនបាន​បង់ពន្ធ​ រហូតដល់ ៦លានដុល្លារ​។ អគ្គនាយកដ្ឋានពន្ធដា​រ បានកំណត់​ឲ្យកាសែត Cambodia Daily ត្រូវបង់ពន្ធនោះ ត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧​។

 

ពាក់ព័ន្ធនឹងការព្រួយបារម្ភរបស់ លោកស្រី Heather Nauert អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​ចំពោះ​ការធ្លាក់ចុះ​នៃ​បរិយាកាស​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក៏ដូចជាការអំពាវនាវ ឲ្យ​រដ្ឋាភិបាល​កម្ពុជា ​អនុញ្ញាតឱ្យ​អង្គការ NDI កាសែត Cambodia Daily និង​បណ្តាញសារព័ត៌មាន​ឯករាជ្យ​ដទៃទៀត ព្រមទាំង​អង្គការ​សង្គម​ស៊ីវិល បាន​បន្តសកម្មភាព​ដ៏​សំខាន់​របស់​ពួកគេ ដើម្បីឱ្យ​ការបោះឆ្នោតជាតិ នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៨ ប្រព្រឹត្តទៅ​ក្រោម​បរិយាកាស​សេរី និង​បើកចំហរ​នោះ  ឯកឧត្តម​ ខៀវ កាញារីទ្ធ បាន​ឆ្លើយតប​​ថា "​អាមេរិក​​សំបូរ​លុយ​ច្រើន​ដែរ ជួយ​ចេញ​លុយ​​ពន្ធ​ឲ្យ​​កាសែត​ Cambodia Daily ​ទៅ​ គឺ​​មិន​​​​ពិបាក​អ្វី​​សោះ​។ នេះបើអាមេរិក​ ​ពិតជាចង់​ជួយ​មែនទែននោះ”។

 

យ៉ាងណាក៏ដោយ ឯកឧត្តម​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​គូសបញ្ជាក់ថា "​ជំហរ​របស់​កម្ពុជា​ជាមួយ​អាមេរិក គឺ​យើង​នៅតែ​ជា​ប្រទេសមួយ ដែលមាន​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​"​៕​

 

ប្រភព៖ PNN News

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024