ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

អភិបាលខណ្ឌដូនពេញប្រកាសប្រើវិធានការក្តៅប្រសិនបើអ្នកលក់រថយន្ដនៅទីលានប្រជាធិបតេយ្យចាស់នៅតែបំពាន

២៦ សីហា ២០១៧ | ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ចុះពិនិត្យការលុបបំបាត់ទាំងស្រុងនូវចំណត​យានយន្តបែបអនាធិបតេយ្យ ជុំវិញបរិវេណ ទីលានប្រជាធិបតេយ្យ រហូតដល់ផ្សារចាស់។ ក្នុងនោះ លោកអភិបាលខណ្ឌដូនពេញ បានអះអាងថា ប្រសិនបើម្ចាស់រថយន្ត និងអ្នកគួកជេរថយន្ដ នៅបន្តចតទៀត សាលាខណ្ឌដូនពេញនឹង ប្រើវិធានការក្តៅ ដោយស្ទូចរថយន្តទៅរក្សាទុកនៅខណ្ឌ ក្នុងរយះពេលវែងទើប អោយម្ចាស់ រថយន្តចូលដោះស្រាយ ។

 

 

ថ្ងៃឳសានវាទនៃការតម្រូវអោយអ្នកលក់ និងគួកជេរថយន្ដនៅជុំវិញទីលានប្រជាធិប តេយ្យចាស់ ស្ថិតនៅក្នុងខណ្ឌដូនពេញ ចាកចេញទៅរកកន្លែងថ្មីប្រកបធ្វើអាជីវកម្ម បានមកដល់ហើយ នៅថ្ងៃទី២៦ សីហានេះ។ លោក សុខ ពេញវុធ អភិបាលខណ្ឌ​ដូនពេញ បានអះអាងថា ប្រសិនបើម្ចាស់រថយន្ត និងអ្នកគួកជេរថយន្ដ នៅបន្តចតទៀត សាលាខណ្ឌដូនពេញនឹងប្រើវិធានការក្តៅដោយស្ទូចរថយន្តទៅរក្សាទុកនៅខណ្ឌក្នុងរយះពេលវែងទើប អោយម្ចាស់រថយន្តចូលដោះស្រាយ ។

 

 

លោកអភិបាលខណ្ឌដូនពេញ បានបន្ថែមថា ការដាក់តាំងលក់បែបនេះ គឺបាន ធ្វើឲ្យប៉ះពាល់ ដល់សណ្ដាប់ធ្នាប់សាធារណៈ រញ៉េរញ៉ៃតាមដងផ្លូវ និងស្ទះចរាចរណ៍​ជាដើម។ ហើយចាប់ពី ថ្ងៃទី២៦ សីហា នេះទៅ លោក នឹង​ឲ្យ​កំលាំងរបស់ខណ្ឌ ​ប្រចាំការ ជារៀងរាល់ថ្ងៃ ដើម្បី​កុំឲ្យ​ស្ថានភាព នៃការដាក់តាំងលក់រថយន្តទាំងនោះ វិលត្រលប់មកដូចស្ថានភាព​ដើម។

 

 

សូមជម្រាបថា កាលពីថ្ងៃទី១៩សីហា លោក សុខ ពេញវុធ អភិបាល​ខណ្ឌដូនពេញ បានប្រកាសដាក់ ឱសានវាទ រយៈពេល ៧ថ្ងៃ ដើម្បីលុបបំបាត់ចំណត​យានយន្ត បែបអនាធិបតេយ្យ ជុំវិញបរិវេណទីលាន ប្រជាធិបតេយ្យ រហូតដល់ផ្សារចាស់  បន្ទាប់ពីបាន​ចុះ​ហត្ថលេខាប្រគល់ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌដូនពេញ ដើម្បីអោយដំណើរការប្រព្រឹត្ត ទៅដោយមានប្រសិទ្ធភាព និងមានភាពទទួលខុសត្រូវ កាលពីថ្ងៃទី១៦ សីហា ២០១៧ ៕

 

ប្រភព៖ PNN News

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024