ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

មន្ត្រីសុខាភិបាលនៅច្រកទ្វារអន្តរជាតិភ្នំឌិន អនុវត្តគោលការណ៍សុខាភិបាល បានម៉ឺងម៉ាត់ល្អ ចំពោះអ្នកដំណើរឆ្លងកាត់

២២ មករា ២០២២ | ព័ត៌មានជាតិ


លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន នៅក្នុងឱកាសចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងនៅខេត្តតាកែវ និងបានឆ្លៀតពិនិត្យស្ថានភាពនៅច្រកព្រំដែនអន្តរជាតិ ភ្នំឌិន នៅថ្ងៃទី ១៩មករា ឆ្នាំ២០២២ បានលើកឡើងថា អាជ្ងារធរ និងមន្ត្រីនៅប្រចាំការនៅតាមព្រំដែន បានអនុវត្តនូវវិធានការសុខាភិបាលបានយ៉ាងម៉ឺងម៉ាត់ក្នុងការពិនិត្យសុខភាពអ្នកដែលធ្វើដំណើរឆ្លងកាត់។ 

 

 

លោកស្រីបញ្ជាក់ថា តាមការសង្កេតរបស់លោកស្រី នៅទីតាំងច្រកនេះ គឺមន្ត្រីសុខាភិបាលបានគោរពទៅតាមគោលការណ៍ត្រឹមត្រូវ ដោយមានការឆែកសុខភាព វាស់កម្តៅ និងត្រួតពិនិត្យដល់ការចាក់វ៉ាក់សាំងដល់អ្នកដែលធ្វើដំណើរបន្ថែមទៀត។ ហើយបើក្នុងករណីដែលអ្នកដំណើរបានធ្វើការចាក់វ៉ាក់សាំងគ្រប់ដូសហើយ នោះក្រុមការងារនឹងអនុញ្ញាឱ្យពួកគេចូលមកកម្ពុជា។ 

 

 

ប៉ុន្តែលោកស្រីអះអាងថា មិនសូវមានអ្នកដំណើរធ្វើការឆ្លងកាត់នៅច្រកទ្វារអន្តរជាតិ ភ្នំឌិន នេះទេ ដោយភាគច្រើនអនុញ្ញាតឱ្យតែអ្នកវិនិយោគប៉ុណ្ណោះដែលអាចចូលបាន ហើយក្នុងមួយថ្ងៃមានចន្លោះពី ៤ទៅ ៥នាក់ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ រថយន្តដឹកទំនិញ គឺមានភាពសកម្មច្រើននៅច្រកនេះផ្ទាល់ ដោយរថយន្តទាំងនោះធ្វើការដឹកជញ្ញូនទំនិញឆ្លងកាត់ពីកម្ពុជា ទៅវៀតណាម និងពី វៀតណាមឆ្លងកាត់មកកម្ពុជា។ 

 


ដោយឡែកចំពោះអ្នកបើករថយន្តដឹកទំនិញវវិញ មិនត្រូវបានអនុញ្ញាតឱ្យចេញចូលនោះទេ ពោលគឺមានការផ្លាស់ប្តូរអ្នកបើករថយន្តទាំងនោះនៅច្រកទ្វារអន្តរជាតិនេះ ដោយនៅពេលដែលរថយន្តដឹកទំនិញវៀតណាមមកត្រូវចូលមកកម្ពុជា គឺតម្រូវឱ្យផ្លាស់ប្តូរអ្នកបើកបរកម្ពុជា ហើយសម្រាប់រថយន្តកម្ពុជា ដែលត្រូវចូលទៅវៀតណាមវិញ ក៏តម្រូវឱ្យផ្លាស់ប្តូរអ្នកបើកបរជាវៀតណាមវិញដូចគ្នា។ លោកស្រីវេជ្ជបណ្ឌិត អះអាងថា ការធ្វើបែបនេះគឺក្នុងគោលបំណងតែមួយគត់ គឺដើម្បីគ្រប់គ្រង និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។ 

 

 

 

សូមបញ្ជាក់ថា ច្រកទ្វារអន្តរជាតិ ភ្នំឌិន ស្ថិតនៅក្នុងខេត្តតាកែវ ដែលភាគច្រើនត្រូវបានគេស្គាល់ថាជាច្រកនាំចេញ និងនាំចូលទំនិញជាច្រើនប្រភេទរវាងប្រទេសវៀតណាម និងកម្ពុជា។ សម្រាប់កម្ពុជាផ្ទាល់ ច្រកនេះត្រូវបានគេដឹងថា ជាប្រភពនាំចេញនូវផលិតផលកសិកម្ម ជាពិសេសគឺការនាំចេញស្រូវទៅកាន់វៀតណាមតែម្តង៕
 

 

អត្ថបទ៖ អ៊ីសា ហាសាណះ  រូបភាព៖ ក្រសួងសុខាភិបាល

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024