ថ្ងៃអង្គារ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៥
បារីអេឡិចត្រូនិក ឬ Vape ត្រូវបានប្រើប្រាស់ច្រើនក្នុងចំណោមយុវជនវ័យក្មេង ជាពិសេសសិស្សសាលា ហើយជាទូទៅពួកគេ ប្រើប្រាស់ បារីអេឡិចត្រូនិក ជា ក្រុម ។ ការជក់ បារីអេឡិចត្រូនិក ជាក្រុម ឬ រួមគ្នានោះឯងហើយ ដែលជាការប្រឈមខ្លាំងនឹងការឆ្លងជំងឺកូវីដ១៩ ហើយការជក់ បារីអេឡិចត្រូនិក រួមគ្នា នេះទៀតសោត ក៏ត្រូវបានរកឃើញថា គឺជាមូលហេតុដ៏ចម្បងមួយជំរុញឱ្យពួកគេឈានទៅប្រើប្រាស់គ្រឿងញៀន ។ នេះបើតាមការអះអាងរបស់ អង្គការ ចលនា ដើម្បី សុខភាព កម្ពុជា ហៅកាត់ថា CMH ។
កន្លងមក ស្ថាប័នជាតិ និង អន្តរជាតិដែលធ្វើការលើវិស័យសុខភាព សុទ្ធតែបានរកឃើញ និង អះអាងដូចៗគ្នាថា បារីអេឡិចត្រូនិក ឬ Vape មិនមែនជាម៉ាស៊ីន ឬ ឧបករណ៍ផ្តាច់បារីទេ វាថែមទាំងធ្វើឱ្យអ្នកប្រើប្រាស់ ក្លាយជាអ្នកញៀនបារីធម្មតា ២ ដងទៀតផង ។ ហេតុនោះ ស្ថាប័នទាំងនោះ បានហៅបារីអេឡចត្រូនិក ឬ Vape ថា គឺជាឧបាយកល របស់ឧស្សាហកម្មថ្នាំជក់តែប៉ុណ្ណោះ ។
ម្យ៉ាងទៀត អង្គការសុខភាពពិភពលោក ជាដើម បានអះអាងថា ការប្រើប្រាស់ បារីអេឡិចត្រូនិក បណ្តាលឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សួត ដូចបារីធម្មតាដែរ ខណៈមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺ របស់សហរដ្ឋអាមេរិក CDC អះអាងថា គិតត្រឹមពាក់កណ្ដាលខែ កុម្ភៈ ឆ្នាំ២០២០ ជំងឺសួតទាក់ទង់នឹងការប្រើ បារីអេឡិចត្រូនិក នៅសហរដ្ឋអាមេរិក មានប្រមាណ ២៨០០ ករណី ក្នុងនោះស្លាប់ ៦៨ករណី ។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិ នៃ អង្គការ ចលនា ដើម្បី សុខភាពកម្ពុជា CMH ពន្យល់ថា ដោយសារតែការប្រើប្រាស់ បារីអេឡិចត្រូនិក បង្កអោយគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សួតបែបនេះ ប្រសិនបើអ្នកប្រើប្រាស់ បារីអេឡិចត្រូវនិក ឆ្លងជំងឺកូវិដ១៩ មែននោះ គេនឹងប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្ពស់ ។
សូមជម្របថា បារីអេឡិចត្រូនិក ឬ Vape ត្រូវបានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ហាមឃាត់មិនឱ្យលក់ និង ប្រើប្រាស់ឡើយតាំងពីឆ្នាំ ២០១៤ មកម៉្លេះ ដែលបានសេចក្តីថា បារីអេឡិចត្រូនិក គឺជាផលិតផលខុសច្បាប់ ។ ទោះយ៉ាងណា គេនៅតែឃើញមានការផ្សព្វផ្សាយលក់ បារីអេឡិចត្រូនិក ឬ Vape នៅលើបណ្ដាញសង្គមជាច្រើនដោយប្រើឈ្មោះថា ម៉ាស៊ីន ឬ ឧបករណ៍ផ្ដាច់បារី ។
លោកវេជ្ជបណ្ឌិត មុំ គង់ បានបន្ថែមថា ក្រោមហេតុផលដូចដែលបានលើកឡើងមកនេះជាដើម អាជ្ញាធរមានសមត្ថកិច្ចគប្បីរឹតបន្តឹងវិធានការហាមឃាត់ការលក់ និង ការប្រើប្រាស់ បារីអេឡិចត្រូនិក អោយបានហ្មត់ចង់ ដើម្បី ទប់ស្កាត់ការរីករាលដាលកូវីដ ១៩ ផង និង ក៏ជាវិធីបង្ការទប់ស្កាត់ការឈានទៅប្រើប្រាស់គ្រឿងញៀនផង ជាវិពិសេសក្នុងចំណោមសិស្សសាលាវ័យក្មេង៕
អត្ថបទ៖ ខឿន សាឃាង