ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤

អង់គ្លេសសម្ពោធចម្ការផ្កាធូលីបសម្រាប់ភ្ញៀវទស្សនា និងដើម្បីស្វាគមន៍ការចូលមកដល់នៃរដូវផ្ការីក

អង់គ្លេសដាក់ឲ្យដំណើរការជូនភ្ញៀវទស្សនាកម្សាន្តនូវចម្ការផ្កាធូលីប (tulip) ជាងកន្លះលានដើមនៅតំបន់ភាគខាងត្បូង។ នេះក៏ជាសញ្ញានៃការចាប់ផ្ដើមរដូវផ្ការីកនៅប្រទេសអង់គ្លេសផងដែរ។ មានទីតាំងស្ថិតនៅក្នុងកសិដ្ឋានដ៏ធំល្វឹងល្វើយជិតទីក្រុងក្រលី (Crawley) ចម្ការដ៏ស្រស់ឆើតឆាយ១នេះមានផ្កាធូលីបចម្រុះពណ៌ទៅតាមប្រភេទ និងទំហំខុសៗគ្នា។

 

 

 

លោកស្ទួតប៊ែរី (Stuart Beare) ជាអ្នកគ្រប់គ្រងចម្ការផ្កាធូលីបនេះប្រាប់ថាទីនេះបង្ហាញពណ៌ល្អឆើតឆាយ ហើយក៏ជាគម្រោងថែទាំសួនច្បារដ៏គួរឲ្យរំភើបដែលលោកពេញចិត្តនឹងធ្វើកិច្ចការនេះយ៉ាងខ្លាំង។ មើលចុះ វាលស្មៅនៅទីនេះកើតចេញពីការបណ្ដុះគ្រាប់ពូជតាំងពីរដូវក្ដៅឆ្នាំមុន។

 

ក្រោយមក គេសៀតទងផ្កាធូលីបនៅពីក្រោមដីផុសៗ ឬដីមមោកនៃវាលស្មៅនេះ។ សារព័ត៌មានក្នុងស្រុកចុះផ្សាយថានៅទីនេះគេដាំផ្កាធូលីបជាង១រយប្រភេទ។ ចម្ការធូលីបដ៏ធំល្វឹងល្វើយនេះលាតសន្ធឹងនៅលើបណ្ដោយក្បាលដីដប់គីឡូម៉ែត្រ។ គេអាចធ្វើដំណើរដោយរថយន្តប្រហែលមួយម៉ោងពីទីក្រុងឡុនដុនខាងត្បូងអាចមកដល់ទីនេះ។ ផ្កាធូលីបជាងកន្លះលានដើមដែលមានពូជចម្រុះគ្នាបែបនេះធ្វើឲ្យបង្កបរិយាកាសរ៉ូមេនទិចបំផុតនៅរដូវផ្ការីក។

 

 

 

 

 

ទីនេះក៏ជាកន្លែងដែលអ្នកទេសចរមកពីទីជិតឆ្ងាយអាចថតយកទេសភាពស្អាតៗផងដែរ។ បើលោកអ្នកចង់យកសុនខមកទីនេះក៏មិនថ្វីទេ។ ម្ចាស់ចម្ការអនុញ្ញាតឲ្យយកសុនខចូល។ សំខាន់ឲ្យតែលោកអ្នកកាន់ខ្សែសុនខឲ្យជាប់ដើម្បីកុំឲ្យវារត់លេងផ្ដេសផ្ដាសនាំឲ្យប៉ះពាល់ផ្កាធូលីប។

 

ដោយសារផ្កាធូលីបមានប្រភពដើមនៅប្រទេសហូឡង់។ ដូច្នេះ អង់គ្លេសក៏រក្សាអត្តសញ្ញាណហូឡង់នៅក្នុងចម្ការធូលីបរបស់ខ្លួនផងដែរ។ ទីនេះមានបម្រើអាហារតាមចិញ្ចើមផ្លូវ ឬស្ទ្រីតហ្វ៊ូត (street food) នៅក្នុងចម្ការធូលីបផ្ទាល់តែម្ដង។

 

 

 

 

ក្រៅពីនេះ មានកន្លែងទទួលទានញ៉ាំភេសជ្ជៈផ្សេងៗដែលមានឈ្មោះថាដឹធូលីបបារ (The Tulip Bar)។ ទីនេះមានលក់ភេសជ្ជៈស្រវឹង និងភេសជ្ជៈគ្មានជាតិស្រវឹង។ ដូច្នេះ ភ្ញៀវទេសចរអាចសប្បាយមួយអស់ដៃប្រកបដោយបរិយាកាសរីករាយ។ បើនិយាយពីខ្យល់អាកាសវិញគឺរហើយខួបប្រាំងខួបវស្សាតែម្ដងព្រោះវាលដ៏ធំល្វឹងល្វើយដល់កម្រិតនេះហើយគឺពិតជាមិនធម្មតានោះទេ។

 

អ្នកដែលចង់ទៅទស្សនាទីនោះអាចកក់សំបុត្រចាប់ពីពេលនេះរហូតដល់ថ្ងៃទី២៨ ខែមេសាចាប់ពីម៉ោង១០ព្រឹកដល់ម៉ោង២:៣០រសៀល។ តម្លៃសំបុត្រចូលទស្សនាសម្រាប់មនុស្សពេញវ័យ និងកុមារចាប់ពី១០-១២ផោន។ អ្នកបម្រើតាមផ្ទះ ឬអ្នកមើលថែកូនរបស់គេអាចចូលទស្សនាដោយឥតគិតថ្លៃ៕

 

 

 

 

ប្រែសម្រួល៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024