ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

ការនាំចេញអង្ករវៀតណាម កើនឡើង ៤៥% ក្នុងត្រីមាសទី១

២៣ មេសា ២០២៤ | សេដ្ឋកិច្ច

 

បើតាមស្ថិតិពី អគ្គនាយកដ្ឋានគយវៀតណាម បានឱ្យដឹងថា ការនាំចេញអង្កររបស់វៀតណាម មានចំនួនសរុប ១ពាន់ ៤រយលានដុល្លារអាមេរិក ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ កើនឡើង ៤៥% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។ប្រភពដដែលបានបន្ថែមថា បរិមាណអង្ករនាំចេញ មានចំនួន ២លាន ១សែនតោន កើនឡើង ១៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

 


ទន្ទឹមនឹងនេះ តម្លៃអង្ករនាំចេញជាមធ្យមក៏កើនឡើង ២៣% ដល់ ៦៥៤ដុល្លារក្នុងមួយតោន។យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយ បានឱ្យដឹងថា ក្នុងខែមីនា ឆ្នាំ ២០២៤ ការនាំចេញអង្កររបស់វៀតណាម បានកើនឡើង ៩៩% ក្នុងបរិមាណ និង ៩០% ជាចំណូល ធៀបនឹងខែកុម្ភៈ ឆ្នាំ ២០២៤ កើនឡើងដល់ជាង ១លានតោន ដែលមានតម្លៃ ៧០០លានដុល្លារ។

 


ជាមួយគ្នានេះ ហ្វីលីពីន គឺជាទីផ្សារនាំចេញអង្ករវៀតណាមដ៏ធំបំផុត ក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំ ២០២៤ ដែលឈានដល់ជាង ១លានតោន ដែលមានតម្លៃប្រហែល ៦៥០លានដុល្លារ។ការនាំចេញអង្ករទៅកាន់ប្រទេសឥណ្ឌូណេស៊ី ជាប់ចំណាត់ថ្នាក់លេខ ២ កើនឡើងយ៉ាងខ្លាំង ២០០% ក្នុងបរិមាណ និង ៣០៨% ក្នុងប្រាក់ចំណូលដល់ ៤៤ម៉ឺនតោន និង ២៨៥លានដុល្លារ។

 


នៅឆ្នាំ ២០២៤ វៀតណាម មានគោលបំណងរក្សាផ្ទៃដីដាំដុះស្រូវជាង ៧លានហិកតា និងទិន្នផលស្រូវជាង ៤៣លានតោន ដោយធានាការប្រើប្រាស់ក្នុងស្រុក និងនាំចេញអង្ករជាង ៨លានតោន។សូមជម្រាបថា ការនាំចេញអង្ករវៀតណាម កាលពីឆ្នាំ ២០២៣ មានភាពរីកចម្រើនដោយបរិមាណឈានដល់ ៨លានតោន មានតម្លៃ ៤ពាន់ ៧រយលានដុល្លារ ដែលវាជាការនាំចេញខ្ពស់បំផុតសម្រាប់ឧស្សាហកម្មអង្កររបស់វៀតណាម៕

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024