ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

កម្ពុជា-ចិន វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ

២៣ មេសា ២០២៤ | សេដ្ឋកិច្ច

 

កម្ពុជា-ចិន បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនខ្លាំងក្លាលើ គ្រប់វិស័យនៅក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ក្រោមកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់។

 

 

ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយលើបណ្ដាញទំនាក់ទនងសង្គម របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។

 


ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនខ្លាំងក្លាលើគ្រប់វិស័យនៅក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ក្រោមកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់។ ភាគីទាំងពីរក៏បានយល់ស្របអំពីសារៈសំខាន់នៃការផ្លាស់ប្តូរទស្សនកិច្ច និងជំនួបប្រាស្រ័យទាក់ទងគ្នាយ៉ាងសកម្ម និងញឹកញាប់ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលបង្ហាញឱ្យឃើញអំពីជំនឿទុកចិត្តផ្នែកនយោបាយខ្ពស់ និងមិត្តភាពរឹងមាំដូចដែកថែបរវាងប្រទេសទាំងពីរ។ 

 


ការបន្តជំរុញកិច្ចសហការប្រតិបត្តិត្បូងពេជ្រ ការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន ការអភិវឌ្ឍរួមគ្នានៃ «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ» ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល សេដ្ឋកិច្ច និងពាណិជ្ជកម្ម ក៏ត្រូវបានលើកយកមកពិភាក្សា។ ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី ប្រមុខការទូតទាំងពីរក៏បានផ្លាស់ប្ដូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួមផងដែរ។

 


គួរបញ្ជាក់ដែរថា ឯកឧត្តម WANG Yi សមាជិកការិយាល័យនយោបាយ និងជាប្រធាន ការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រី ការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញមកដល់កម្ពុជាកាលពី នារសៀលថ្ងៃទី២១ ខែ មេសា ឆ្នាំ២០២៤ តាមជើងយន្តហោះពិសេស ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជារយៈពេលបីថ្ងៃ (ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៤)៕
 

 

 

អត្ថបទ៖ AKP រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024