ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

មន្ត្រីស៊ីម៉ាក់ សូមឱ្យប្រុងប្រយ័ត្ន ចំពោះការបណ្តុះក្តីស្អប់ក្នុងសង្គម

០៦ មេសា ២០២៣ | ព័ត៌មានជាតិ




មន្ត្រីជាន់ខ្ពស់ស៊ីម៉ាក់ បានក្រើនរំឭកថា សម្អប់ ដែលកំពុងត្រូវបានជនខ្លះបណ្តុះ និងបញ្ឆេះ នៅក្នុងសង្គមខ្មែរ មួយរយៈមកនេះ គឺជាអ្វីដែលធ្លាប់បាននាំមកនូវមហន្តរាយយ៉ាងធ្ងន់ធ្ងរចំពោះកម្ពុជា ហើយវាអាចនឹងនាំទៅរកបដិវត្តន៍ពណ៌ទៀតផង។កម្ពុជា មានបទពិសោធន៍ដ៏ឈឺចាប់ ដ៏សែនមហាវិនាស ដ៏រ៉ាំរ៉ៃ ដែលកើតឡើងដោយសារសម្អប់ គឺពួកខ្មែរក្រហមបានបណ្តុះ និងបញ្ឆេះកំហឹង និងវណ្ណៈ ឱ្យមនុស្សក្នុងវណ្ណៈកម្មករ និងកសិករ ស្អប់វណ្ណៈសក្តិភូមិ រាជវង្ស នាយទុន អ្នកមាន សេដ្ឋី ឧកញ៉ា បញ្ញវន្ត មន្ត្រីរាជការ គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធ ។

 

 

លុះពេលខ្មែរក្រហម ដណ្តើមអំណាចបាន ទើបពួកឱ្យតែបញ្ញវន្ត គ្រូបង្រៀន រាជវង្ស មន្ត្រីរាជការ ពេទ្យ និងទាហាន ជាដើម សុទ្ធតែត្រូវបានពួកខ្មែរក្រហមកម្ទេចយ៉ាងរង្គាល ។ នោះហើយ គឺជាលទ្ធផល នៃការបណ្តុះសម្អប់ គឺសម្អប់ក្លាយទៅជាកំហឹង កំហឹងទៅជាការសងសឹក សងសឹកនាំមកនូវមហាវិនាស ។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ នៅក្នុងពិធីសំណេះសំណាលជាមួយនិវត្តជន និងគ្រួសារអតីតយុទ្ធជន នៅទូទាំងស្រុកលើកដែក ខេត្តកណ្តាល សរុបជាង ៥០០ នាក់ នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នេះ ។

 


ការលើកឡើងរបស់ឯកឧត្តម ហេង រតនា យ៉ាងដូច្នេះ ធ្វើឱ្យគេនឹកឃើញដល់ទិដ្ឋភាពមួយរយៈចុងក្រោយនេះ ដែលសម្អប់ និងកំហឹង ត្រូវបានធ្វើយ៉ាងរីករោលរាលនៅក្នុងសង្គមខ្មែរ ដូចជាបរិបទ អ្នកមានអ្នកក្រ ជាដើម ។ សម្អប់ និងកំហឹងជាតិសាសន៍ គឺទាំងជាតិសាសន៍ជិតខាង និងជាតិសាសន៍ពុំមែនភូមិផងរបងជាមួយកម្ពុជា ប៉ុន្តែដោយសារជាតិសាសន៍ទាំងនោះ មានចរិតលក្ខណៈមិនស្របទៅនឹងនិន្នាការនយោបាយរបស់ពួកគេ ។ 

 


ឯកឧត្តម ហេង រតនា ក៏ដូចជាចំពោះអ្នកតាមដានស្ថានការណ៍នយោបាយពិភពលោក មិនមានកក់ក្តៅក្នុងចិត្តចំពោះទិដ្ឋភាព ដែលបាន និងកំពុងកើតឡើងនៅក្នុងសង្គមកម្ពុជា នេះទេ ហើយទិដ្ឋភាពបែបនេះ បានធ្វើឱ្យគេនឹកឃើញដល់បដិវត្តន៍ពណ៌ ដែលតែងតែបង្កភាពខ្ទេចខ្ទាំយ៉ាងរ៉ាំរ៉ៃ ដល់ប្រទេសដែលវាបានកើត រីឯអ្នកបានប្រយោជន៍ពីបដិវត្តន៍ពណ៌ គឺជាប្រទេសនៅពីក្រោយខ្នងបដិវត្តន៍ពណ៌ ឯណោះទេ ។

 


ជាការកត់សម្គាល់ រហូតមកដល់ពេនេះ បដិវត្តន៍ពណ៌ បានកើតឡើង ៣ ដំណាក់កាលរួចមកហើយ គឺដំណាក់កាលទី១ កើតឡើងចាប់ពីឆ្នាំ១៩៨៦ , ដំណាក់កាលទី២ នៅឆ្នាំ២០០០ ហើយដំណាក់កាល់ទី៣ ផ្ទុះឡើងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១០ នៅពិភពអារ៉ាប់ ដូចជាទុយនីស៊ី អេហ្ស៊ីប លីប៊ី យេម៉ែន បារ៉ែន ស៊ីរី អាល់ហ្សេរី អ៊ីរ៉ាក់ ហ្ស៊កដង់ ស៊ូដង់ និងម៉ាលី ជាដើម និងជះឥទ្ធិពលមកដល់តំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ ។ ចំណែកនៅកម្ពុជា រាជរដ្ឋាភិបាលបានអះអាងថា ត្រូវបានគេរៀបចំត្រៀមនឹងបំផ្ទុះបដិវត្តន៍ពណ៌ដ៏គ្រោះថ្នាក់នេះដែរ ប៉ុន្តែត្រូវបានទប់ស្កាត់ទាន់ពេលវេលា ហើយវាបន្តទៅកើតនៅប្រទេសអ៊ុយក្រែន៕
 

 

 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ ឆិល សុភ័ស្ត 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024