ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

សេដ្ឋកិច្ចចិន សម្រេចនូវកំណើន ៩,៨% ក្នុង ៣ត្រីមាស ឆ្នាំ ២០២១

២០ តុលា ២០២១ | សេដ្ឋកិច្ច

 

របាយការណ៍ពី ការិយាល័យស្ថិតិជាតិចិន បានបង្ហាញថា នៅក្នុង ៣ត្រីមាស ដើមឆ្នាំ ២០២១នេះ ទំហំនៃផលិតផលក្នុងស្រុកសរុបរបស់ចិន មានទំហំជាង ១២ទ្រីលានដុល្លារអាមេរិក ដែលមានកំណើនដល់ទៅ ៩,៨% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ ២០២០កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CCTV នៅថ្ងៃនេះ។

 


លោក ហ្វូ អ្នកនាំពាក្យការិយាល័យស្ថិតិជាតិចិន បានលើកឡើងថា សូចនាករសំខាន់ៗ នៃការប៉ាន់ប្រមាណនេះ ស្ថិតនៅក្នុងកម្រិតសមហេតុផល ដោយស្ថានភាពសង្គមជារួមគឺល្អប្រសើរ, អត្រាមានការងារធ្វើ ស្ថិតក្នុងកម្រិតស្ថេរភាព, ការកើនឡើងវិញនូវ ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ, ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ត្រូវបានកែសម្រួល និងធ្វើឱ្យប្រសើរ។លោក បានបន្តថា នៅក្នុងត្រីមាសទី ១ សេដ្ឋកិច្ចចិន កើនឡើង ១៨% ហើយចូលមកដល់ត្រីមាសទី ២ មានកំណើន ៨% និងត្រីមាសទី ៣ កើនឡើង ៥%។

 

ការិយាល័យស្ថិតិជាតិចិន បានបង្ហាញទៀតថា នៅក្នុងរយៈពេល ៣ត្រីមាសដើមឆ្នាំ ២០២១នេះ ប្រទេសចិន សម្រេចបាននូវ ទំហំពាណិជ្ជកម្ម ៤,៣ទ្រីលានដុល្លារអាមេរិក ដោយការនាំចេញទំនិញរបស់ចិន មានទំហំទឹកប្រាក់ ២,៤ទ្រីលានដុល្លារអាមេរិក និងការនាំចូលទំនិញ មានជាង ១,៩ទ្រីលានដុល្លារអាមេរិក មានកំណើន ២២% ដូចគ្នា។


យ៉ាងណាក៏ដោយចុះ ដើម្បីពង្រឹងសេដ្ឋកិច្ចចិន ឲ្យកាន់តែរឹងម៉ាំខ្លាំងក្លា ថ្នាក់ដឹកនាំកំពូលក្នុងជួររដ្ឋាភិបាលចិន លោក ស៊ី ជិនពីង បានអំពាវនាវឲ្យចាប់យក និន្នការ និងច្បាប់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេស។


លោក ស៊ី បន្តថា ប្រទេសចិន ត្រូវតែខិតខំបន្ថែមទៅលើ បច្ចេកវិទ្យាស្នូលសំខាន់ៗ, សម្រេចនូវការពឹងផ្អែកលើខ្លួនឯង ក្នុងកម្រិតខ្ពស់ និងពង្រឹងសមត្ថភាពខ្លួនឯង ឲ្យបានឆាប់តាមតែអាចទៅរួច ព្រមទាំងរក្សានូវ ស្វ័យភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលឲ្យបានខ្ជាប់ខ្ជួន។

 

សូមជម្រាបដែរថា ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏បានព្យាករណ៍ពី កំណើនសេដ្ឋកិច្ចប្រទេសចិន ថាអាចនឹងសម្រេចបានដល់ទៅ ៨% ក្នុងឆ្នាំ ២០២១នេះ ដែលសបញ្ជាក់អំពីទំនុកចិត្តរបស់អន្តរជាតិ មកលើការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024