ថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤

បទថ្មីក្នុងឱកាសភ្ជុំបិណ្ឌពី មាស សុខសោភា ផ្ទុះការគាំទ្រខ្លាំង

១១ កញ្ញា ២០២០ | កម្សាន្ដ

មិនឲ្យខកបំណងនៃការទន្ទឹងរង់ចាំបទថ្មីជាចង្វាក់ប្រពៃណី តារាចម្រៀងស្រីឈានមុខ មាស សុខសោភា បានបញ្ចេញបទថ្មីក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ទទួលការគាំទ្រជាខ្លាំងពីអ្នកគាំទ្រ។


ខណៈដែលតារាល្បីៗជាច្រើនផ្សេងទៀតសម្រុកចេញបទចម្រៀងថ្មីនោះ ងាកមក អ្នកនាង មាស សុខសោភា ក៏បានបញ្ចេញបទចម្រៀងថ្មី ផ្ទាល់ខ្លួនផងដែរដែល បទនេះជាបទ ទី១ដើម្បីអបអរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

 


បន្ទាប់ពីប្រកាសចាកចេញពីផលិតកម្មថោនអស់ជាង២ខែរួចមក មាស សុខសោភា បានបង្ហាញ ស្នាដៃថ្មីជាបន្តបន្ទាប់ក្នុងផលិតកម្មផ្ទាល់ខ្លួនគឺផលិតកម្ម Camtrax Music ហើយបទថ្មីអំឡុងពិធីបុណ្យភ្ជុំបិណ្ឌនេះចំណងជើងថា បទ «ទៅវត្តទៅវ៉ា» ជាចង្វាក់ប្រជាប្រិយខ្មែររាំវង់។


មាស សុខសោភា នៅតែទទួលបានប្រជាប្រិយភាពខ្ពស់ មិនថាបទចម្រៀងថ្មីរបស់នាងបញ្ចេញនៅផលិតកម្មណា ឬ ឆានែលយូធូបណានោះទេ។ នេះសបញ្ជាក់ឲ្យឃើញថា នាងពិតជាមានសមត្ថភាព ទឹកដមខ្ពស់ ប្រាកដមែន។

 


សូមបញ្ជាក់ថា ក្រោយបញ្ចប់ការច្រៀងក្នុងផលិតកម្ម M មាស សុខសោភា បានចូលប្រឡូកក្នុង ផលិតកម្មថោនរយៈពេល៩ ឆ្នាំ ដោយនាង បានសាងភាពលេចធ្លោកាន់តែខ្លាំងក្រោយពីនាងទទួលបានឱកាសច្រៀងបទថ្មីល្អ និងក្រោយពីនាងប្រកាសបញ្ចប់ការយកបទចម្រៀងបរទេសមក។


តារាចម្រៀង មាស សុខសោភា ក៏មានសិទ្ធិក្នុងការចេញផលិតបទចម្រៀងផ្ទាល់ខ្លួន និងច្រៀងឲ្យផលិតកម្មក្រៅស្រុកមួយចំនួនផងដែរ។ ការចាកចេញរបស់តារាចម្រៀងរូបនេះត្រូវបានគេ ចាត់ទុកថាជាការបាត់បង់តារាចម្រៀងឆ្នើមក្នុងផលិតកម្ម បើទោះបីជាផលិតកម្មនេះមានតារា ចម្រៀងប្រុសស្រីល្បីឈ្មោះជាច្រើននាក់ទៀតក៏ដោយ ។


ជាមួយគ្នានឹងអ្នកគាំទ្រនៅតែរង់ចាំដំណឹងនៃការឈានជើងចូលច្រៀងក្នុងផលិតកម្មធំ២ ដែលគេដឹងថាបានចរចាឲ្យនាងចូលច្រៀងគឺផលិតកម្ម ហង្សមាស និងផលិតកម្ម Galaxy Navatra នោះ។ ទោះជាយ៉ាងណាបទចម្រៀងថ្មីរបស់មាស សុខសោភា នៅពេលនេះអាច បំបែកភាពស្ងប់ស្ងាត់របស់នាងនិងស្របទៅតាមការចង់បានរបស់អ្នកគាំទ្រនៅលើបណ្តាញសង្គម។

 


អត្ថបទ៖ រ៉ាត់ ចាន់ធីតា  រូបភាព៖ ភីអិនអិន និងឆានែលយូធូប Camtrax Music


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024