ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤

ស្ត្រីនៅប្រទេសអ៊ីស្រាអ៊ែលដើរក្បួនទាមទារឱ្យដោះលែងចំណាប់ខ្មាំង

ស្ត្រីនៅប្រទេសអ៊ីស្រាអ៊ែលដើរក្បួនទាមទារឱ្យដោះលែងចំណាប់ខ្មាំងដែលកំពុងជាប់ឃុំខ្លួននៅហ្គាហ្សាច្រើនជាង១៣០នាក់។

 

 

 

 

ស្ត្រីអ៊ីស្រាអ៊ែលនៅថ្ងៃពុធ(៨ឧសភា) បានប្រមូលផ្តុំគ្នានៅទីក្រុងតេលអាវី(Tel Avi) ទាមទារឱ្យដោះលែងចំណាប់ខ្មាំងច្រើនជាង១៣០នាក់ផ្សេងទៀត ដែលបច្ចុប្បន្នកំពុងជាប់ឃុំខ្លួននៅតំបន់ហ្គាហ្សានៅឡើយ, ក្រោយពេល៦ខែនៃសង្គ្រាមរបស់ប្រទេសអ៊ីស្រាអ៊ែលប្រឆាំងនឹងក្រុមហាម៉ាស់។

 

លោក បេនចាមីន នេតាន់យ៉ាហូ(Benjamin Netanyahu) ប្រឈមនឹងសម្ពាធខ្លាំងនៅក្នុងប្រទេសរបស់ខ្លួន និងបរទេស នៅពេលលោកត្រូវពិចារណាបន្តប្រតិបត្តិការវាយប្រហារលុបបំបាត់ក្រុមហាម៉ាស់នៅទីក្រុងរ៉ាហ្វា(Rafah) ដែលជាបញ្ហាដ៏ស្មុគស្មាញក្នុងក្តីសង្ឃឹមនាំយកចំណាប់ខ្មាំងចេញពីក្រុមហាម៉ាស់ត្រលប់មកប្រទេសវិញ។

 

បាតុកម្មតាមដងផ្លូវប្រឆាំងនឹងរដ្ឋាភិបាលពីសំណាក់គ្រួសារ និងអ្នកគាំទ្រចំណាប់ខ្មាំងច្រើនជាង១៣០នាក់ដែលជាប់ឃុំខ្លួននៅហ្គាហ្សា បានក្លាយជារឿងកើតឡើងជាប្រចាំដែលក្រុមបាតុករទាមទារឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមហាម៉ាស់ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង។ 

 

ចំណែកអ្នកដទៃផ្សេងទៀត ទាមទារឱ្យរដ្ឋាភិបាល និងយោធា បន្តវាយប្រហារទីក្រុងរ៉ាហ្វា(Rafah)  ប្រឆាំងនឹងក្រុមហាម៉ាស់ដែលនៅសេសសល់ក្នុងទីក្រុងនេះយកទីក្រុងនេះជាជម្រក។

 

ក្រុមហាម៉ាស់នៅសប្តាហ៍នេះ បានផ្តល់រឿងឈឺក្បាលឱ្យលោកនេតាន់យ៉ាហូ (Netanyahu) នៅពេលក្រុមនេះប្រកាសទទួលយកលក្ខខណ្ឌកិច្ចព្រមព្រៀងបទឈប់បាញ់។ ប៉ុន្តែអ៊ីស្រាអ៊ែលបដិសេធ។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024