ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤
ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤
ក្រុមតាលីបង់ស្តារសណ្តាប់ធ្នាប់បានឡើងវិញក្រោយបង្ក្រាបបាតុកម្មក្នុងប្រតិបត្តិការលុបបំបាត់ការដាំដុះដំណាំអាភៀន។
ក្រុមតាលីបង់ ដែលគ្រប់គ្រងប្រទេសអាហ្គានីស្ថាន នៅថ្ងៃអង្គារ(៧ឧសភា) បានឱ្យដឹងថា សណ្តាប់ធ្នាប់ត្រូវបានស្តារឡើងវិញ ក្រោយកងកម្លាំងសន្តិសុខ បង្ក្រាបបាតុកម្មនៅខេត្តភាគខាងជើង ក្នុងប្រតិបត្តិការលុបបំបាត់ការដាំដុះដំណាំអាភៀន។ ដំណាំអាភៀន នៅប្រទេសអាហ្គានីស្ថាន បានបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារក្រីក្រជាច្រើន។
ក្រុមតាលីបង់ បានឡើងកាន់អំណាចនៅប្រទេសអាហ្គានីស្ថាននៅឆ្នាំ២០២១ ខណៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានដកយោធាចេញពីប្រទេសមួយនេះក្រោយសង្គ្រាម២០ឆ្នាំដែលកើតឡើងនៅប៉ុន្មានសប្តាហ៍បន្ទាប់ពីការវាយប្រហារនៅថ្ងៃ១១កញ្ញាឆ្នាំ២០០១ លើទឹកដីសហរដ្ឋអាមេរិក។
នៅឆ្នាំ២០២២ មេដឹកនាំកំពូលរបស់ក្រុមតាលីបង់ បញ្ជា ឱ្យបញ្ឈប់ការដាំដុះដំណាំអាភៀន។ អាហ្គានីស្ថានជាប្រទេសផលិតអាភៀនធំបំផុតនៅក្នុងពិភពលោក។ ប្រជាជនអាហ្គានីស្ថានភាគច្រើន ពឹងពាក់ទៅលើការដាំដុះដំណាំអាភៀន។
យោងក្រុមហ៊ុនស្រាវជ្រាវអន្តរជាតិ Alcis ឃើញថា តាមទិន្នន័យផ្កាយរណបកាលពីឆ្នាំមុនការដាំដុះអាភៀនមានការថយចុះយ៉ាងខ្លាំងនៅក្នុងខេត្តជាច្រើននៅរវាងឆ្នាំ២០២២និងឆ្នាំ២០២៣ប៉ុន្តែរបាយការណ៍ដដែលបង្ហាញថា នៅខេត្ត Badakhshan ទំហំដីប្រើប្រាស់សម្រាប់ដាំដុះអាភៀន បានកើនឡើង។
ប្រែសម្រួល៖ណាវ័ន្ត