ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

អ្នកចូលចិត្តទស្សនារឿងខ្មោចមិនគួររំលង! រឿង «ខ្មោចគ្រូកំណើត» សម្បូរឈុតពញ្ញាក់ស្រស់ៗ លាយឡំសំណើចកើតពីចេញរឿងនឹកស្មានមិនដល់

០៧ ឧសភា ២០២៤ | កម្សាន្ដ

 

 

គ្រាន់តែខ្សែភាពយន្តខ្នាតធំ «ខ្មោចគ្រូកំណើត» សម្ភោធចាក់បញ្ចាំងជាផ្លូវការភ្លាម តួអង្គសំខាន់ៗក្នុងរឿងនេះនាំគ្នាបង្ហើបចំនុចពិសេស និងឈុតពញ្ញាក់អារម្មណ៍ខ្លាំងៗ ដែលអ្នកចូលចិត្តទស្សនារឿងខ្មោចមិនគួរមើលរំលង សូម្បីអ្នកចូលមើលថ្ងៃ pre-screening ក៏ស្រែកស្ទើរបែកសាលបញ្ចាំង ព្រោះប្លង់ពញ្ញាក់ស្រស់ៗតែម្តង។

 

 

វណ្ណកម្មស្នាដៃភាពយន្តរន្ធត់ថ្មីមួយទៀតរបស់ផលិតកម្ម LD Entertainment ចំណងជើង «ខ្មោចគ្រូកំណើត» ត្រូវបានសម្ភោធចាក់បញ្ចាំងជាផ្លូវការ កាលពីល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសិល្បករ-សិល្បការនី តួអង្គសម្តែង និងតារាល្បីៗយ៉ាងច្រើនកុះករ នៅផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល។

 

 

«ខ្មោចគ្រូកំណើត» មានការចូលរួមសម្តែងពីតារាល្បីៗជាច្រើន រួមមាន៖ លោក តុង លី, កញ្ញា ខន សូរិយា, កញ្ញា មាស នីងនីង, លោក ពុទ្ធិឬទ្ធិ និង លោក សេង ផានិត រួមទាំងតារាល្បីៗច្រើនរូបផ្សេងទៀត បានពួតដៃគ្នាញ៉ាំងសាច់រឿង «ខ្មោចគ្រូកំណើត» ឱ្យកាន់តែរន្ធត់ព្រឺព្រួច សំបូរដោយឈុតពញ្ញាក់អារម្មណ៍ មើលគួរឱ្យខ្លាចរអា លាយឡំសំណើចក្អាកក្អាយដែលលោកអ្នកនឹកស្មានមិនដល់។

 

 

លោក តុង លី និង កញ្ញា ខន សូរិយា តួអង្គសំខាន់ក្នុងរឿង «ខ្មោចគ្រូកំណើត» បានរៀបរាប់ឱ្យដឹងចំនុចពិសេសនៃរឿងរន្ធត់ព្រឺព្រួចនេះឱ្យអ្នកចូលចិត្តទស្សនារឿងខ្មោចបានដឹងយ៉ាងដូច្នេះថា៖

 

 

បន្ថែមពីលើនោះ លោក ពុទ្ធិឬទ្ធិ និង សេង ផានិត ក៏បានទម្លាយឈុតឆាករន្ធត់ៗជាច្រើនដែលនឹងធ្វើឱ្យអ្នកទស្សនាស្រែកបែកសាលបញ្ចាំង រួមទាំងហេតុការណ៍ប្លែកៗដែលបានកើតឡើងចំពោះអ្នកទាំងពីរអំឡុងពេលថតផងដែរ។ ដែលសំខាន់ រឿង ខ្មោចគ្រូកំណើត មិនត្រឹមតែជារឿងរន្ធត់ប៉ុណ្ណោះទេ តែវាឆ្លុះបញ្ចាំងពីអបិយជំនឿដ៏ស័ក្កសិទ្ធរបស់ខ្មែរយើងជាមួយការអប់រំមួយចំនួនទៀត។

 

 

កញ្ញា មាស នីងនីង តារាសម្តែងមុខថ្មីក្នុងរឿងខ្នាតធំរបស់ LD Entertainment បានសម្តែងក្តីរំភើបចំពោះឱកាសចូលរួមសម្តែងខ្សែភាពយន្តខ្នាតធំលើកដំបូង ព្រោះកន្លងមកនាងធ្លាប់តែធ្វើតួរាយរង ឬតួអមឆាកតែប៉ុណ្ណោះ។ ទោះបីជាពេលថតនាងបានជួបហេតុការណ៍លងបន្លាចពិតៗ និងមានឈុតលំបាកៗច្រើនតម្រូវឱ្យមានការលះបង់រូបរាយកាយក៏ នីងនីង សប្បាយចិត្ត ដោយសង្ឃឹមថា ពុកម៉ែបងប្អូននឹងគាំទ្រស្នាដៃភាពយន្តលើកដំបូងរបស់នាង ដែលត្រៀមចាក់បញ្ចាំងលើផ្ទាំងសំពត់សរនៃរោងភាពយន្តឆាប់ៗនេះ។

 

 

សម្រាប់យុវវ័យនិយមទស្សនារឿងបែបរន្ធត់ព្រឺព្រួច ដែលមានឈុតពញ្ញាក់អារម្មណ៍ខ្លាំងៗ កុំភ្លេចរង់ចាំទស្សនា រឿង «ខ្មោចគ្រូកំណើត» នៅគ្រប់រោងភាពយន្តទំនើបទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ តទៅ។ លោកអ្នកនឹងទទួលបានបទពិសោធន៍ការទស្សនារឿងប្រភេទ horror movie ថ្មីប្លែករំលេចពីអបិយជំនឿ ភាពកំប្លុកកំប្លែង និងអារម្មណ៍មនោសញ្ចេតនាដ៏ជ្រាលជ្រៅផងដែរ៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024