ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤

LD ប្រកាសផលិតភាពយន្តពីរស្ដង់ដារចូលទីផ្សារអន្តរជាតិ២ក្នុងពេលតែមួយ បង្កប់ដោយអបិយជំនឿមហាជនភាគច្រើនមិនធ្លាប់បានដឹង !

៣០ មេសា ២០២៤ | កម្សាន្ដ

 

 

ខុសប្លែកពីសព្វដងផលិតកម្ម LD បានរៀបចំពិធីសន្នីសីទសារព័ត៌មានមួយស្តីពីការផលិតភាពយន្តពីរក្នុងពេលតែមួយដូចជារឿង « ផ្ទះព្រាយកន្លង និងរឿង អ្នកតាកំបុតក្បាល » ដែលសុទ្ធសឹងតែជារឿងភ័យរន្ធត់ ព្រឺព្រួយនិងបង្កប់ទៅដោយ អបិយជំនឿដែលមហាជនភាគច្រើនមិនធ្លាប់បានដឹង ។ 

 

 

នៅក្នុងឆ្នាំ ២០២៤ នេះផលិតកម្ម LD ត្រៀមនឹងបង្ហាញស្នាដៃធំៗប្រមាណជាង ១០ ឆ្នាំ ដើម្បីជាចំណងដៃថ្មីដល់អ្នកគាំទ្រខ្លះ។ ដោយឡែកនៅថ្ងៃទី ២៨ ខែ មេសា ឆ្នាំ២០២៤ កន្លងមកនេះ ផលិតកម្មបានរៀបចំសន្នីសីទសាព័ត៌មានមួយស្តីពី ការផលិតភាពយន្ត ២ ក្នុងពេលតែមួយ ដូចជារឿង « ផ្ទះព្រាយកន្លង និងរឿង អ្នកតាកំបុតក្បាល » ដែលជាចំណីចក្ខុថ្មីនៅក្នុងវិស័យភាពយន្ត បង្កប់ទៅដោយអបិយជំនឿ រន្ធត់ព្រឺព្រួចដែលមហាជនមួយចំនួនមិនធ្លាប់បានដឹង ។ 

 

 

ស្នាដៃថ្មីទាំងពីរនេះត្រូវបានលោក លៀក លីដា ចាងហ្វាងផលិតកម្ម LD បានបញ្ជាក់ប្រាប់នៅក្នុងថ្ងៃសន្នីសីទសារព័ត៌មាននោះថា រឿង « ផ្ទះព្រាយកន្លង និងរឿង អ្នកតាកំបុតក្បាល » គឺជាប្រភេទភាពយន្តខ្នាតធំបែប Horror Movies  ដែលយើងមានជំនឿថា រឿងនេះនឹងផ្ទុះខ្លាំងនៅពេលដាក់បញ្ចាំង ដូចដឹងស្រាប់ហើយថា LD មានក្រុមការងារច្រើន ទាំងអ្នកផលិត និងអ្នកដឹកនាំ យើងថត ២ រឿងក្នុងពេលតែមួយគឺមិនមានឧបសគ្គអ្វីឡើយ ។

 

 

សម្រាប់តួអង្គសំខាន់ៗនៅក្នុងរឿង  « ផ្ទះព្រាយកន្លង » រួមមានលោក អ៊ុំ សុវណ្ណគីរី , កញ្ញា អឿន រ៉ូហ្សា និង សាមេនតា  អ្នកទាំងបីនាក់គឺជាគ្រួសារតែមួយ ។ចំណែកតួអង្គសំខាន់ក្នុងរឿង « អ្នកតាកំបុតក្បាល » វិញ គឺសំដែងដោយលោក កែវ បូរ៉ា , កញ្ញា សូរិយា និង កុមារី មានីកា អ្នកទាំង ៣ ក៏ជាគ្រួសារនិងគ្នាផងដែរ ។ តារាសម្តែងនៅក្នុងរឿងនិមួយៗបានប្តេជ្ញាចិត្តពួតដៃគ្នាសម្តែងឱ្យបានល្អ សមទៅតាមអ្វីដែលអ្នកដឹកនាំចង់បាន ។ 

 

 

លោក នួន បូលីន អ្នកនិពន្ធរឿង  « ផ្ទះព្រាយកន្លង និងរឿង អ្នកតាកំបុតក្បាល » បានរៀបរាប់ប្រាប់ថា តាមពិតរឿងទាំងពីរនេះមានអ្នកនិពន្ធដល់ទៅ ៤ នាក់ឯណោះ រូបលោកគឺជាអ្នកផ្តល់សាច់រឿងប៉ុណ្ណោះ ។ 

 

 

លោក នួន បូលីន បានបញ្ជាក់បន្ថែមថា សម្រាប់ភាពយន្តទាំងពីររឿងនេះគឺមានចំណុចពិសេសខុសប្លែកពីគ្នា ដែលអាចទាក់ចិត្តអ្នកទស្សនាបាន ដោយសាររឿងនិមួយៗបង្កប់ដោយអបិយជំនឿផ្សេងៗ ដែលមហាជនភាគច្រើនមិនសូវបានដឹង មិនបានចាប់អារម្មណ៍ ។ បើតាមគម្រោងរឿង « ផ្ទះព្រាយកន្លង និងរឿង អ្នកតាកំបុតក្បាល  » ត្រៀមនឹងដាក់បញ្ចាំងនៅក្នុងអំឡុងខែ សីហា និង ខែ កញ្ញា ឆ្នាំ ២០២៤ នេះ ៕ 
 

 

អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖ ឃាង ទូច 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024