ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤

ដើម្បីក្តីស្រមៃ និងការស្រលាញ់ Kelvan Fox សុខចិត្តរែកពន់ទាំងការងារសិល្បៈ និងអាជីពជាបាហុនិកា

៣០ មេសា ២០២៤ | កម្សាន្ដ

 

 

ដើម្បីបំពេញក្តីស្រមៃតាំងពីក្មេងរបស់ខ្លួនឯង កំលោះសង្ហា Kelvan Fox ម្ចាស់ជយលាភីអន្តរជាតិ Man Of The Globe International 2022 សុខចិត្តរែកពន់ទាំងការងារសិល្បៈ និងអាជីពជាបាហុនិកាក្នុងពេលតែមួយ។

 

 

បុរសឯករូបសង្ហា Kelvan Fox បានវិលត្រឡប់មកបំពេញការងារសិល្បៈវិញហើយ ក្រោយចប់បេសកម្មហ្វឹកហាត់សម្រាប់អាជីពជាបាហុនិកានៅប្រទេសថៃ។ប្រាប់ឱ្យភីអិនអិនដឹងកាលពីពេលថ្មីៗ Kelvan Fox ថា ក្រៅពីការងារសិល្បៈ លោកជាបាហុនិកាបម្រើការនៅក្រុមហ៊ុនអាកាសចរណ៍ Air Asia ទើបលោកមិនសូវមានពេលវេលាច្រើនដូចពីមុនពេក។

 

 

ទោះជាយ៉ាងនេះក្តី លោកមិនអាចបោះបង់ចោលមួយណាបានឡើយរវាងអាជីពជាបាហុនិកា និងការងារសិល្បៈ ព្រោះទាំងពីរនេះសុទ្ធសឹងជាការងារក្នុងក្តីស្រមៃ។ ប៉ុន្តែ លោកអាចនឹងផ្តល់អាទិភាពដល់ការងារបាហុនិកាច្រើនជាងការងារសិល្បៈបន្តិចប៉ុណ្ណោះ។

 

 

ងាកទៅចាប់អារម្មណ៍ពីវិស័យ beauty pageant ឯណោះវិញ ម្ចាស់ជយលាភី Man Of The Globe International 2022 ថា លោកនៅតែស្រលាញ់វិស័យនេះខ្លាំង គ្រាន់តែគ្មានគម្រោងត្រឡប់មកប្រកួតជាថ្មីឡើយ ដោយសារតែជាប់ហោះហើរច្រើនពេក តែក៏នៅឈឺឆ្អាលវិស័យនេះតាមរយៈការធ្វើជាគ្រូបង្វឹកដល់បវរកញ្ញា-បុរសឯកជំនាន់ក្រោយដែលស្រលាញ់ ហើយចង់ប្រកួតប្រជែងកម្មវិធីbeauty pageant ណាមួយ។

 

 

ឆ្លៀតឱកាសនេះ Kelvan Fox សូមថ្លែងអំណរគុណដល់ហ្វេនៗ និងបណ្តាអ្នកគាំទ្រទាំងអស់ដែលតែងតែសួរនាំអំពីលោក និងការគម្រោងការ Comeback ត្រឡប់មកប្រកួតវិញម្តងទៀត ដូច្នេះប្រិសនមានអ្វីថ្មី លោកនឹង update ឱ្យដឹងតាមក្រោយ៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និង ហ្វេសប៊ុក

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024