ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤

ភាពយន្តធំមួយទៀតនិយាយអំពីការសង្គ្រោះកុមារ ថៃ ចេញពីល្អាងភ្នំត្រៀមចាក់បញ្ចាំងឆាប់ៗ

២០ កក្កដា ២០២២ | កម្សាន្ដ


ភាពយន្ត “១៣ជីវិត” ឬ "Thirteen Lives" (សឺតធីន ឡាយ) ដែលមានបង្ហាញអំពីសកម្មភាពជួយសង្គ្រោះក្រុមបាល់ទាល់កុមារថៃជាប់ឃុំក្នុងល្អាងភ្នំថាំលួង បានធ្វើពិធីសម្ពោធផ្លូវការ មុនការចាក់បញ្ចាំងតាមរោងភាពយន្តនៅចុងខែនេះ។ 

 

 


រយៈពេលបួនឆ្នាំក្រោយព្រឹត្តិការណ៍សង្គ្រោះកុមារថៃ ១២រូប ជាមួយគ្រូបង្វឹករបស់ពួកគេម្នាក់ ដែលជាប់ក្នុងល្អាងភ្នំថាំលួង ប្រទេសថៃ នាពេលនេះរឿងរ៉ាវរបស់ពួកគេត្រូវបាននាំយកមកបង្ហាញលើផ្ទាំងសំពត់សដោយផលិតករឈ្នះពានរង្វាន់អូស្ការឈ្មោះថា Ron Howard (រ៉ុន ហូវ៉ត)។

 


ភាពយន្តមានចំណងជើងថា "Thirteen Lives" (សឺតធីន ឡាយ) របស់ផលិតករ Ron Howard (រ៉ុន ហូវ៉ត) នឹងរំលឹកឡើងវិញពីរឿងរ៉ាវដែលបានកើតឡើងដែលមានរយៈពេលសរុប១៧ថ្ងៃ នៅក្នុងល្អាងថាំលួង រួមទាំងសកម្មភាពនៅក្រៅល្អាង ដែលមានអ្នកស្ម័គ្រចិត្ត, វិស្វករ និងកងទ័ពនាំគ្នាបូមទឹករាប់លានលីត្រចេញពីល្អាង រួមទាំងការព្យាយាមចោះថ្មល្អាងដើម្បីស្វែងរកចន្លោះប្រហោងដើម្បីអាចបញ្ចូនទឹក និងថាមពលអគ្គិសនីទៅដល់ក្មេងប្រុសដែលជាប់ឃុំ។ 

 

 


ក្នុងភាពយន្តនេះដែរមានការចូលរួមសម្ដែងពីសំណាក់តារាសម្ដែងអាមេរិក Viggo Mortensen (វីកហ្គោ ម័រថេនសេន) និងតារាសម្ដែងអៀរឡង់ Colin Farrell (ខុលលី ហ្វារ៉េល) ដែលដើរតួអ្នកជ្រមុជទឹកសញ្ជាតិអង់គ្លេសទាំងពីររូប និងមានវត្តមានរបស់តារាសម្ដែងអូស្ត្រាលី Joel Edgerton (ចូអេល អេចជើតុន) ផងដែរ។

 

 

 


ភាពយន្ត "Thirteen Lives" (សឺតធីន ឡាយ) បានធ្វើការសម្ពោធចាក់បញ្ចាំងនៅឯទីក្រុងឡុងដ៏ ចក្រភពអង់គ្លេសកាលពីដើមសប្ដាហ៍ ហើយភាពយន្តនេះនឹងមានចាក់បញ្ចាំងតាមរោងភាពយន្តមួយចំនួននៅសហរដ្ឋអាមេរិក និងនៅចក្រភពអង់គ្លេស ចាប់ពីថ្ងៃទី២៩ ខែកក្កដា ហើយនឹងចាក់ផ្សាយលើសេវាកម្ម Amazon Prime Video (អាម៉ាហ្សូន ប្រ៉ាម វីដេអូ) នៅទូទាំងពិភពលោកនៅថ្ងៃទី៥ ខែសីហា៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024