ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

អាមេរិក និងកម្ពុជា សម្រេចទំហំពាណិជ្ជកម្មជាង ២ពាន់លានដុល្លារ ក្នុងត្រីមាសទី១ 

២៥ មេសា ២០២៤ | សេដ្ឋកិច្ច

 

ក្នុងរយៈពេល ៣ខែ ដើមឆ្នាំ ២០២៤នេះ អាមេរិក និងកម្ពុជា សម្រេចទំហំពាណិជ្ជកម្មទ្វេភាគីដល់ជាង ២ពាន់លានដុល្លារអាមេរិក កើនឡើង ៨% ក្នុងនោះកម្ពុជា នាំចេញទំនិញទៅកាន់អាមេរិកជាង ១,៩ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមទិន្នន័យផ្លូវការពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

 

 

គិតចាប់ពីខែមករា ដល់ខែមីនា ដើមឆ្នាំនេះ កម្ពុជា បាននាំចេញទំនិញទៅកាន់ អាមេរិក ជាង ១,៩ពាន់លានដុល្លារអាមេរិក ក៏បាននាំចូលពីអាមេរិក មកវិញប្រមាណ ៥៧លានដុល្លារអាមេរិក មានន័យថា កម្ពុជា សម្រេចនូវអតិរេកពាណិជ្ជកម្មជាង ១,៩ពាន់លានដុល្លារអាមេរិក។

 


អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា បើគិតពី ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ ស្មើនឹង ១៦% នៃទំហំពាណិជ្ជកម្មសរុប ហើយឈរនៅលំដាប់លេខ ៣ តាមពីក្រោយប្រទេសចិន និងវៀតណាម។ទន្ទឹមគ្នានេះ កម្ពុជា នាំចេញផលិតផលទៅ អាមេរិក ភាគច្រើនគឺជា ផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង កាបូបសម្រាប់ធ្វើដំណើរ និងផលិតផលកសិកម្ម ខណៈមុខទំនិញនាំចូលពីសហរដ្ឋអាមេរិក មកវិញ មានដូចជា រថយន្ត គ្រឿងអេឡិចត្រូនិក ឱសថ និងបរិក្ខាពេទ្យជាដើម។

 

 

ដោយឡែក ពាណិជ្ជកម្មទ្វេភាគីរបស់កម្ពុជា ជាមួយប្រទេសចិន ឈរនៅលំដាប់ទី ១ មានទំហំទឹកប្រាក់ ៣,២ពាន់លានដុល្លារអាមេរិក ដោយកម្ពុជា នាំចេញជាង ៣៦៦លានដុល្លារ និងនាំចូលពីចិនមកវិញជាង ២,៨ពាន់លានដុល្លារ។ស្របគ្នានេះ ពាណិជ្ជកម្មជាមួយប្រទេសវៀតណាម ឈរនៅលេខរៀងទី ២ ដែលសម្រេចបាននូវទំហំពាណិជ្ជកម្មប្រមាណ ២,៣ពាន់លានដុល្លារអាមេរិក ដោយកម្ពុជា នាំចេញទៅកាន់វៀតណាម ១ពាន់ ៣រយលានដុល្លារអាមេរិក និងនាំចូលមកវិញ ៩៣៣លានដុល្លារអាមេរិក។

 


រយៈពេល ៣ខែ ដើមឆ្នាំ ២០២៣នេះ ប្រទេសកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មជាង ១២ពាន់ ៤រយលានដុល្លារអាមេរិក មានការកើនឡើង ១២% បើប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។សូមជម្រាបថា ក្នុងឆ្នាំ ២០២៣កន្លងទៅនេះ ប្រទេសកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មប្រមាណ ៤៦ពាន់លានដុល្លារអាមេរិក ក្នុងនោះ ការនាំចេញមានទំហំ ២២ពាន់លានដុល្លារ និងការនាំចូលមានទំហំជាង ២៤ពាន់លានដុល្លារអាមេរិក៕


 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024