ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤

កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិកំពុងដំណើរការយ៉ាងសកម្មលើ៣ប្រភេទកីឡា

០៤ មេសា ២០២៤ | កីឡា

 

ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ នៅរាជធានីភ្នំពេញកំពុងដំណើរការប្រកួតយ៉ាងសកម្មរយៈពេល៣ថ្ងៃហើយ លើ៣ប្រភេទកីឡាដូចជា បាល់ទាត់ បាល់ទះ និងបាល់បោះ កំពុងដំណើរប្រកួតជម្រុះតាមពូលនីមួយៗ ខណៈ៩ប្រភេទកីឡាទៀតត្រូវដំណើរការ នៅថ្ងៃនេះ និងថ្ងៃបន្ទាប់។

 

 


ការប្រកួតកីឡាជាក្រុមលើ៣ប្រភេទកីឡានេះ គឺក្រុមកីឡាករ កីឡាការិនីជាសិស្សបឋមសិក្សារាជធានីខេត្តនានាត្រូវបានគណៈកម្មការបច្ចេកទេសតាមសហព័ន្ធកីឡាជាតិនីមួយៗបានរកឃើញលទ្ធផលឈ្នះ ចាញ់ ដើម្បីស្វែងរកក្រុមជ័យលាភីឆ្ពោះទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី៧ ខែមេសា ខាងមុខ ដែលជាថ្ងៃចុងក្រោយនៃព្រឹត្តិការណទាំងមូល។

 

 

 

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡាបានឱ្យដឹងថា កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិនេះមាន១២ប្រភេទកីឡា ដែលត្រូវដំណើរការប្រកួតពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៧ ខែមេសា ដោយមានប្រតិភូកីឡារាជធានីខេត្តទាំង២៥ សរុបចំនួន ២ ៩៦០នាក់។

 

 

 

ព្រឹត្តិការណ៍កីឡាថ្នាក់ជាតិនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «កុមារជាថ្នាលអភិវឌ្ឍវិស័យកីឡា» និងក្នុងគោលបំណងសំខាន់ៗ ក្នុងការបំផុសសកម្មភាពអប់រំកាយ និងកីឡា នៅក្នុងគ្រឹះស្ថានសិក្សាទូទាំងប្រទេស ព្រមទាំងបំផុសស្មារតីឱ្យសិស្សបានចូលរួមលេងកីឡាដើម្បីសុខភាព ការរីកចម្រើនផ្នែកបញ្ញាស្មារតី កាយសម្បទាមំាមួន និងឆន្ទៈមោះមុតផងដែរ៕

 

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024