ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

បញ្ចប់ការប្រកួតកីឡាសីដក់ កីឡាជាតិ លើកទី៣  ឆ្នាំ២០២២

២៤ ​វិច្ឆិកា ២០២២ | កីឡា

 

ការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជាតិប៉ារ៉ាឡាំពិក លើកទី១ ឆ្នាំ២០២២លើប្រភេទកីឡាសីដក់បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីដំណើរអស់រយៈពេល៤ថ្ងៃ  នៅពហុកីឡដ្ឋានជាតិអូឡាំពិក។


ឯកឧត្តមបណ្ឌិត មាស សារិន ទីប្រឹក្សាសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជាថ្លែងថា ជាការពិតណាស់ការប្រកួតកីឡាសីដក់ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ រយៈពេល៤ថ្ងៃកន្លងមកនេះ គឺជាការផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនី បានបញ្ចេញនូវទេពកោសល្យ សមត្ថភាព ក៏ដូចជាវាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលកីឡាករ កីឡាការិនីម្នាក់ៗបានហ្វឹកហាត់កន្លងមក និងជាដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

 


លទ្ធផលរបស់កីឡាករ កីឡាការិនី ដែលទទួលជ័យលាភី នាពេលនេះ ពិតជាបានមកពីការខិតខំហ្វឹកហាត់ជាប្រចាំ មានការតស៊ូ ព្យាយាមគោរពវិន័យបានល្អ យកចិត្តទុកដាក់ និងគោរពបានតាមបទបញ្ជាបច្ចេកទេស នៅក្នុងការប្រកួត។ ជាមួយនេះក៏ជាឱកាស ក្នុងការផ្តល់ជូនគណៈកម្មការរៀបចំការប្រកួត បានដកស្រង់ និងពង្រីកបទពិសោធ ដើម្បីធ្វើឲ្យកម្មវិធីរៀបចំ ការប្រកួតនេះកាន់ត មានភាពទាក់ទាញដល់ទស្សនិជនឲ្យជួយគាំទ្រ និងលើកទឹកចិត្តដល់ក្មួយៗ កីឡាករ-កីឡាការិនីបន្ថែមទៀត ។

 


ដើម្បីឱ្យកីឡាសីដក់កម្ពុជាកាន់តែមានការរីកចម្រើនទាំងបរិមាណ និងគុណភាពល្អក្នុងពេលដ៏ខ្លីខាងមុខ ខ្ញុំឯកឧត្តមបណ្ឌិត  មាស សារិន បានផ្ដល់អនុសាសន៍ណែនាំមួយចំនួន ដូចជា៖ ១.ត្រូវខិតខំបណ្តុះបណ្តាលថ្នាក់ថ្នាល បង្កើនបរិមាណកីឡាករ កីឡាការិនីសមាគម កីឡាសីដក់ឱ្យបានទូលំទូលាយ។ ២.ត្រូវពង្រឹងសមត្ថភាពអាជ្ញាកណ្តាលចៅក្រមឲ្យកាន់តែល្អប្រសើរទាំងបរិមាណ និងគុណភាព។  

 

 

៣.ត្រូវជំរុញឱ្យមានការរៀបចំការប្រកួតឱ្យបានច្រើននិងធ្វើការហ្វឹកហាត់ជា ប្រចាំនៅតាមបណ្តាក្លឹប សមាគម ៤.ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់សហព័ន្ធ ឫក្លិប សមាគមទូទាំងប្រទេស។ ៥.ត្រូវប្រឹងប្រែងស្វែងរកដៃគូអភិវឌ្ឍបន្ថែមទៀត ដើម្បីបង្កើនព្រឹត្តិការណ៍ប្រកួត ឲ្យបានច្រើន ក្នុងមួយឆ្នាំៗតាមដែលអាចធ្វើទៅបាន។

 


ឯកឧត្តមប្រធានសហព័ន្ធបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រតិភូដឹកនាំក្លិប សមាគម រាជធានី-ខេត្តកីឡាសីដក់ទាំងអស់ ដែលបានបញ្ជូនប្រតិភូកីឡារបស់ខ្លួនមកចូលរួម ក្នុងការប្រកួតប្រកបដោយស្មារតី មិត្តភាព សាមគ្គីភាព ការយោគយល់គ្ន ហើយគោរពបានត្រឹមត្រូវតាមបទបញ្ហាបច្ចេកទេសនៃការប្រកួតឈរលើស្មារតីទទួលខុសត្រូវខ្ពស់ដោយមិនគិតតែពីការយកឈ្នះចាញ់ ពោលគឺឈរលើស្មារតី កីឡាដើម្បីសុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព បង្កើនគុណផលបច្ចេកទេស។

 


លោក  ទុយ  ប៊ុនហឿន អនុប្រធានសហព័ន្ធបានបង្ហាញលទ្ធផលរបស់គណៈកម្មការបច្ចេកទេសថា ការប្រកួតកីឡាស៊ីដក់នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៣នេះ មានវិញ្ញាសាចំនួន៣ ដោយក្រសួងការពារជាតិក្តោបក្តាប់មេដាយមាសទាំង៣វិញ្ញាសា, ក្រសួងមហាផ្ទៃ មេដាយប្រាក់១ មេដាយសំរឹទ្ធ២, ខេត្តកំពង់ចាម មេដាយប្រាក់១ ខេត្តឧត្តរមានជ័យ  មេដាយប្រាក់១ ខេត្តស្វាយរៀង មេដាយសំរឹទ្ធ១ ខណៈខេត្តព្រះវិហារមិនទទួលបានមេដាយទេ៕

 

 

អត្ថបទ និងរូបភាព៖ ប៉ុន សុភាព

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024