ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

រដ្ឋាភិបាលប្រទេសបឺគីណាហ្វាហ្សូ ប្រកាសបដិសេធថាមិនមានការធ្វើរដ្ឋប្រហារនៅក្នុងទឹកដីរបស់ខ្លួនទេ

រដ្ឋាភិបាលប្រទេសបឺគីណាហ្វាហ្សូ (Burkina Faso) បានចេញមុខបដិសេធថាមិនមានការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសរបស់ខ្លួននោះទេ បន្ទាប់ពីមានការផ្ទុះអាវុធនៅក្បែរវិមានប្រធានាធិបតី និងមានការបះបោរពីសំណាក់មហាជន។

 

 

 

 

គេស្ដាប់ឮសំឡេងផ្ទុះអាវុធយ៉ាងកងរំពង បន្ទាប់ពីពួកយោធាផ្ទុះការតវ៉ានៅតាមមូលដ្ឋានសឹកជាច្រើនកន្លែងទូទាំងប្រទេសបឺគីណាហ្វាហ្សូ ដើម្បីទាមទារឲ្យរុះរើមុខតំណែងមន្ត្រីកំពូលៗនៅក្នុងក្រសួងការពារជាតិ និងការទទួលបានសម្ភារៈសឹកកាន់តែសម្បូរបែប ដើម្បីប្រយុទ្ធប្រឆាំងនឹងពួកបះបោរឥស្លាមជ្រុលនិយម។

 

អ្នករស់នៅក្បែរវិមានប្រធានាធិបតីអះអាងថាពួកគេឃើញឧទ្ធម្ភាគចក្រ១គ្រឿងហោះក្រវែលទីនោះកាលពីយប់មិញ។ ការផ្ទុះអាវុធនេះក៏ធ្វើឲ្យមហាជនទូទៅព្រួយបារម្ភថាអាចនឹងមានរដ្ឋប្រហារសាជាថ្មីនៅក្នុងប្រទេសអាហ្វ្រិកខាងលិច១នេះ ដែលជានិច្ចកាលងាយនឹងធ្លាក់ទៅក្នុងដៃរបស់ពួកយោធា។

 

 

 

 

ទន្ទឹមនឹងនោះ ពួកបាតុករបានដុតទីស្នាក់ការរបស់គណបក្សកាន់អំណាច។ ទោះជាយ៉ាងណាក្ដី រដ្ឋាភិបាលបឺគីណាហ្វាហ្សូចេញមុខបដិសេធជាហូរហែថាគ្មានអំពើរដ្ឋប្រហារយោធាទេ, ហើយក៏បដិសេធមិនធ្វើតាមការទាមទាររបស់ពួកទាហានបះបោរផងដែរ។

 

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន១ អ្នកនាំពាក្យក្រុមកងទ័ពបះបោរបានទាមទារចំណុច១ចំនួន ដូចជាដូរតំណែងមេទាហានជាន់ខ្ពស់ដែលពួកគេមិនពេញចិត្ត, រដ្ឋាភិបាលគួរយកចិត្តទុកដាក់ចំពោះកងទ័ពដែលត្រូវរបួស និងឧបត្ថម្ភគាំទ្រដល់ក្រុមគ្រួសារយោធិនដែលពលីនៅក្នុងសមរភូមិ។ សូមជម្រាបថាអំពើបះបោរនេះកើតឡើងជាង១អាទិត្យក្រោយពេលដែលមនុស្ស១២នាក់ត្រូវចាប់ខ្លួនពីបទសង្ស័យថាបានរៀបចំផែនការបង្កអស្ថិរភាពនៅប្រទេសបឺគីណាហ្វាហ្សូ៕

 

 

 

 

ប្រែសម្រួល៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024