ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

កូនស្រីលោកមហាធាមហាមេតថ្លែងថាលោកមានសុខភាពល្អជាធម្មតា និងកំពុងព្យាបាលនៅមន្ទីរពេទ្យ

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកមហាធាមហាមេត បន្តសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងកំពុងប្រាស្រ័យទាក់ទងគ្នាជាធម្មតាជាមួយនឹងសមាជិកគ្រួសាររបស់លោក។ នេះបើយោងតាមការបញ្ជាក់ពីកូនស្រីរបស់លោក។ លោកស្រីសង្ឃឹមថាមហាជនទូទៅនឹងបានអស់ចិត្តនៅក្នុងរឿងនេះ, ហើយមិនជឿតាមការឃោសនារបស់ពាក្យចចាមអារ៉ាមនោះទេ។

 

 

 

 

លោកស្រីម៉ារីណា កូនស្រីលោកមហាធាមហាមេត ថ្លែងថាក្រុមគ្រួសាររបស់លោកស្រីនឹងបន្តចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងស្ថានភាពជំងឺរបស់ឪពុកលោកស្រី។ លោកស្រីក៏សូមថ្លែងអំណរគុណចំពោះពួកអ្នកគាំទ្រ ដែលតែងតែជូនពរឲ្យលោកមហាធាឆាប់បានជាសះស្បើយឡើងវិញ។

 

កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន, លោកស្រីអះអាងថាលោកមហាធាត្រូវគេបញ្ជូនទៅមន្ទីរពេទ្យសាជាថ្មី, បន្ទាប់ពីលោកទទួលការព្យាបាលពីក្រុមគ្រូពេទ្យកាលពីដើមខែមករា។ អ្នកកាសែតបានសម្រុកទៅមន្ទីរពេទ្យ, បន្ទាប់ពីព័ត៌មាននេះលេចឮយ៉ាងឆាប់រហ័ស។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីក៏ធ្វើដំណើរទៅមន្ទីរពេទ្យផងដែរ និងបានជួបភរិយារបស់លោកមហាធា។

 

លោកបានបង្ហោះសារនៅលើហ្វេសប៊ុក ដោយស្នើសុំឲ្យប្រជាពលរដ្ឋម៉ាឡេស៊ីទាំងអស់បន់ស្រន់ព្រះ ដើម្បីឲ្យលោកមហាធាឆាប់បានជាសះស្បើយ និងមានសុខភាពល្អឡើងវិញ។ លោកមហាធាបានចូលមន្ទីរពេទ្យយ៉ាងញឹកញាប់បំផុតនៅក្នុងរយៈពេលប៉ុន្មានអាទិត្យចុងក្រោយនេះ។ លោកបានចូលមន្ទីរពេទ្យម្ដងកាលពីថ្ងៃទី៧ ខែមករា។

 

ក្រោយមក នៅថ្ងៃទី១៣ ខែមករា លោកត្រូវក្រុមគ្រូពេទ្យអនុញ្ញាតឲ្យទៅផ្ទះវិញ។ ការព្យាបាលជំងឺរបស់លោកលើកនេះធ្វើឡើងនៅក្នុងមន្ទីរពេទ្យតែ១ ដូចកាលដែលលោកចូលសម្រាកនៅទីនេះដើម្បីព្យាបាលជំងឺបេះដូងកាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២១។ កាលនោះលោកចូលមន្ទីរពេទ្យបាន១អាទិត្យ ក៏ត្រូវគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕

 

 

 

 

ប្រែសម្រួល៖អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024