ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ថៃ សម្រេចកំណើននាំចេញ ១៧% ក្នុងឆ្នាំ ២០២១នេះ ខ្ពស់បំផុតក្នុងរយៈពេល ១១ឆ្នាំចុងក្រោយ

២៤ មករា ២០២២ | សេដ្ឋកិច្ច

 

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ជូរីន បានបង្ហាញកាលពីពេលថ្មីៗនេះថា ការនាំចេញដែល ជម្រះគយរួច បានកើនឡើងដល់ ២៥ពាន់លានដុល្លារអាមេរិក កាលពីខែធ្នូ ឆ្នាំ ២០២១ ជាមួយនឹងការនាំចូលកើនឡើង ៣៣% ដល់ ២៥ពាន់លានដុល្លារអាមេរិក ដែលបណ្តាលឱ្យមានឱនភាពពាណិជ្ជកម្មចំនួន ៣៥៤លានដុល្លារអាមេរិក។


ការនាំចេញជាក់ស្តែង ដែលមិនរាប់បញ្ចូលមាស ផលិតផលដែលទាក់ទងនឹងប្រេង និងអាវុធ បានបន្តកើនឡើង ២៣% នៅក្នុងខែធ្នូ ធៀបនឹងឆ្នាំមុន បន្ទាប់ពីការកើនឡើង ១៩% នៅក្នុងខែវិច្ឆិកា។


ការនាំចេញដែលបានកើនឡើងក្នុងខែធ្នូ រួមមាន៖ ផលិតផលកសិកម្ម និងស្បៀងអាហារ; ផលិតផលបំពេញការងារពីផ្ទះ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដូចជាគ្រឿងសង្ហារឹម និងគ្រឿងបន្លាស់ កុំព្យូទ័រ និងគ្រឿងបន្លាស់ វិទ្យុ និងផលិតផលវេជ្ជសាស្ត្រ និងឱសថជាដើម។


ការនាំចេញផ្សេងទៀត ដែលបានកំណើនខ្ពស់ រួមមាន ទំនិញកម្រិតមធ្យម និងវត្ថុធាតុដើមដូចជា ដែក ដែកថែប និងផលិតផលលោហៈ សារធាតុគីមី ជ័រប្លាស្ទិក សំបកកង់កៅស៊ូ គ្រឿងម៉ាស៊ីន និងគ្រឿងបន្លាស់ ក៏ដូចជាទំនិញប្រើប្រាស់បានយូរ ឬទំនិញប្រណីតដូចជារថយន្ត និងគ្រឿងបន្លាស់ និងគ្រឿងអលង្ការ មិនរាប់បញ្ចូលមាស។


ក្រៅពីនោះ ការនាំចេញផលិតផលកសិកម្ម និងកសិឧស្សាហកម្ម បានកើនឡើងក្នុងរយៈពេល ១៣ខែជាប់ៗគ្នា ជាមួយនឹងអត្រាកំណើន ២២% ដល់ជិត ៤ពាន់លានដុល្លារអាមេរិក។ការនាំចេញផលិតផលឧស្សាហកម្ម បានកើនឡើងសម្រាប់រយៈពេល ១០ខែជាប់គ្នា ជាមួយនឹងអត្រាកំណើន ២៤% ដល់ ២០ពាន់លានដុល្លារអាមេរិក ដោយផលិតផលដែលលេចធ្លោរួមមាន រថយន្ត និងគ្រឿងបន្លាស់ ផលិតផលដែលទាក់ទងនឹងប្រេង កុំព្យូទ័រ ដែក ត្បូង និងគ្រឿងអលង្ការ មិនរាប់បញ្ចូលមាស ជាដើម។


លោក ជូរីន បានបន្ថែមថា ការពង្រីកដ៏ខ្លាំងក្លាបែបនេះ ក្នុងអំឡុងពេលការផ្ទុះឡើងនៃមេរោគកូវីដ១៩ អាចបណ្តាលមកពី ការបង្កើនល្បឿននៃការនាំចូលនៅក្នុងប្រទេសជាច្រើន ដើម្បីស្តុកទុកមុនរដូវបុណ្យទាន បរិយាកាសប្រសើរឡើងទាក់ទងនឹងកង្វះខាតបន្ទះឈីប និងការអនុវត្តផែនការជំរុញការនាំចេញរបស់ក្រសួងពាណិជ្ជកម្មថៃ។ 

 


ទន្ទឹមនឹងនោះ តម្រូវការបរទេស និងទំហំពាណិជ្ជកម្មសកល បានប្រសើរឡើង ស្របតាមការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។សូមជម្រាប ក្រសួងពាណិជ្ជកម្មថៃ បានកំណត់ទិសដៅកំណើនការនាំចេញត្រឹមតែ ៣% ទៅ ៤% សម្រាប់ឆ្នាំ ២០២២ ពោលគឺទាបជាងការព្យាករណ៍របស់វិស័យឯកជន ដោយលើកឡើងពីកត្តាហានិភ័យជាបន្តបន្ទាប់ ដូចជាការរីករាលដាលនៃមេរោគកូវីដ១៩ វិធានការតឹងរ៉ឹងសម្រាប់សុខភាពសាធារណៈ និងបរិស្ថាន កង្វះកម្លាំងពលកម្ម និងបញ្ហាបន្ទះឈីប៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024