ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

Adele យំសុំទោសអ្នកគាំទ្រ ក្រោយកម្មវិធីប្រគំតន្រ្តីត្រូវលើកពេលយ៉ាងតក់ក្រហល់

២៤ មករា ២០២២ | កម្សាន្ដ

 

ជំងឺកូវីដ១៩ បានបង្ខំឲ្យតារាចម្រៀងអង់គ្លេស Adele (អាដេល) ត្រូវលើកពេលការប្រគំតន្ត្រីផ្ទាល់លើកដំបូងរបស់នាងយ៉ាងតក់ក្រហល់ ក្រោយខកខានសម្ដែងមុខមហាជនអស់រយៈពេល៥ឆ្នាំ។


កំពូលតារាចម្រៀងអង់គ្លេស Adele (អាដេល) បានចេញវីដេអូសុំទោសអ្នកគាំទ្រ ក្រោយ កម្មវិធីប្រគំតន្ត្រីនៅទីក្រុងឡាសវេហ្គាស សហរដ្ឋអាមេរិក ត្រូវបានលើកពេលព្រោះក្រុមការងារពាក់កណ្ដាលបានឆ្លងជំងឺកូវីដ១៩។

 

តារាចម្រៀងវ័យ ៣៣ឆ្នាំរូបនេះបានត្រៀមខ្លួនសម្រាប់ការប្រគំតន្ត្រីរយៈពេល៣ខែនៅសណ្ឋាគារមួយកន្លែងក្នុងទីក្រុងឡាសវេហ្គាស ដែលវាគឺជាការប្រគំតន្ត្រីផ្ទាល់លើកដំបូងរបស់នាងគិតចាប់តាំងពីឆ្នាំ២០១៧មក។

 


ក្នុងវីដេអូ ម្ចាស់បទ “Rolling in the Deep” បាននិយាយពាក្យសុំទោសចំនួន៨លើក និងសុំទោសជាពិសេសដល់អ្នកដែលបានធ្វើដំណើរទៅកាន់ទីក្រុងឡាសវេហ្គាសរួចហើយ ក្នុងគោលបំណងចូលរួមការប្រគំតន្ត្រីនេះ ហើយ Adele (អាដេល) ក៏បានសន្យាថានឹងរៀបចំកាលវិភាគនៃការប្រគំតន្រ្តីឡើងវិញផងដែរ។

 


គួរដឹងថាការប្រគំតន្ត្រីនេះគឺរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអាល់ប៊ុមចម្រៀងចុងក្រោយរបស់នាងមានចំណងជើងថា "30" (សឺតធី) ដែលបានជាប់លេខ១នៅ ៣០ប្រទេស ពេលដែលចេញផ្សាយកាលពីខែវិច្ឆិកា។ ក្រៅពី Adele តារាចម្រៀងល្បីៗជាច្រើនទៀតដូចជា Celine Dion (សេលីន ឌីអន) , Katy Perry (ខេធី ភើរី), Carrie Underwood (ខារី អាន់ឌើវូត), និង Usher (អាស្ហើ) ក៏បានលើកពេលប្រគំតន្ត្រីនៅ Las Vegas នាពេលថ្មីៗនេះដូចគ្នា ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024