ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

បវរកញ្ញាចក្រវាឡកម្ពុជា៤ជំនាន់ ចែករំលែកបទពិសោធន៍ និងគន្លឹះសម្រាប់អ្នកត្រៀមដណ្តើមមកុដបវរកញ្ញាចក្រវាឡឆ្នាំ២០២២

២៤ មករា ២០២២ | កម្សាន្ដ


CIM ដែលជាក្រុមហ៊ុនទិញសិទ្ធរៀបចំកម្មវិធីប្រកួត Miss Universe Cambodia និងទទួលបន្ទុកបញ្ជូនបវរកញ្ញាកម្ពុជាទៅចូលរួមប្រកួតកម្មវិធីនេះនៅក្រៅប្រទេស កាលពីថ្ងៃទី២៣ ខែមករា បានបង្កការភ្ញាក់ផ្អើលមួយឡើង ដោយបានរៀបចំបង្កើតឱ្យមានកម្មវិធី ជំនួបបវរកញ្ញាចក្រវាឡកម្ពុជា៤ជំនាន់ នៅផ្សារទំនើបអូឡាំព្យារ ជាន់ទី៣។

 


កិច្ចជំនួបនេះជាការជួបជុំគ្នារវាងបវរកញ្ញាចក្រវាឡ៤ជំនាន់ រួមមាន កញ្ញា រឿន ណាត បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០១៨ កញ្ញា សំណាង អេលីណា បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០១៩ កញ្ញា រ៉េត សារីតា បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០២០ និងកញ្ញា ងិន ម៉ារ៉ាឌី បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០២១ ជាមួយអ្នកគាំទ្រ និងមានផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការ ដើម្បីឱ្យអ្នកគាំទ្រដែលមិនបានមកចូលរួមផ្ទាល់ មានឱកាសបានទស្សនា។

 

 

កិច្ចជំនួបនេះ ផ្ដោតសំខាន់លើការចែករំលែកបទពិសោធន៍ប្រកួត Miss Universe ទាំងការប្រកួតក្នុងស្រុក និងការប្រកួតថ្នាក់អន្តរជាតិ និងបង្ហាញស្នាមអនុស្សាវរីយ៍ដែលបវរកញ្ញានិមួយៗទទួលបានពីការប្រកួតកម្មវិធីសម្រស់ដ៏ធំនេះ។

 


ក្នុងជំនួបដ៏កម្រនេះ បវរកញ្ញាចក្រវាឡ៤ជំនាន់ទាំង៤រូប បានលើកឡើងម្តងម្នាក់ ពីបទពិសោធន៍ដែលពួកគេបានជួបអំឡុងពេលប្រកួតរៀងៗខ្លួន តែរឿងម៉្យាងដែលស្តាប់ទៅរៀងប្រហាក់ប្រហែលគ្នាពីវេទិកាប្រកួត Miss Universe គឺបវរកញ្ញាគ្រប់រូបបានចែករំលែកបទពិសោធន៍ និងបង្ហាញពីប្រពៃណីគ្នាទៅវិញទៅមក និងបានយល់កាន់តែច្បាស់ពីប្រពៃណីរបស់ជាតិយើង ក៏ដូចជាបានយល់កាន់តែច្បាស់ពីប្រពៃណីសាសន៍ដទៃដែលយកមកចូលរួមប្រកួតដូចយើង តាមរយៈឈុតស្លៀកពាក់ ការជជែក ការរស់នៅជាមួយគ្នាមួយរយៈដូចបងប្អូន។

 


ក្នុងកិច្ចជំនួននេះកញ្ញា រឿន ណាត បានលើកឡើងថា បទពិសោធន៍ និងការចងចាំល្អបំផុតដែលកញ្ញាទទួលបានពីការប្រកួត Miss Universe 2018 គឺមិត្តភាពរវាងបវរកញ្ញានិងបវរកញ្ញាទូទាំងពិភពលោក ដោយរហូតមកទល់ពេលនេះ កញ្ញាក៏នៅតែនឹករលឹកដល់បវរកញ្ញាផ្សេងៗដែលប្រកួតជំនាន់ជាមួយគ្នា។

 

 

ដោយឡែក Miss Universe Cambodia 2020 កញ្ញា រ៉េត សារីតា បានចែករំលែកអារម្មណ៍ពេលហោះចេញទៅប្រកួតក្នុងឆ្នាំ២០២០ ដោយគ្មានការជូនដំណើរពីអ្នកគាំទ្រម្នាក់ឡើយ ព្រោះការឆ្លងរាតត្បាតជំងឺកូវីដ១៩ គ្រប់គ្នាមិនអាចទៅចូលរួមជូនដំណើរបាន។

 


យ៉ាងណាមិញ ម្នាក់ៗនៅបង្ហាញក្តីសប្បាយរីករាយ និងអារម្មណ៍រំភើបដែល CIM បង្កើតឱ្យមានកម្មវិធីនេះឡើង និងបានផ្តល់ឱកាសឱ្យពួកគេបានបង្ហាញពីទំហំចិត្ត បទពិសោធន៍ និងអ្វីដែលបានរៀនសូត្រពីការប្រកួតមកចែករំលែកជូនអ្នកគាំទ្រ។ 


1-    កញ្ញា រឿន ណាត បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០១៨ 
2-    កញ្ញា សំណាង អេលីណា បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០១៩ 
3-    កញ្ញា រ៉េត សារីតា បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០២០ 
4-    កញ្ញា ងិន ម៉ារ៉ាឌី បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០២១

ឆ្លៀតឱកាសនេះ កញ្ញាចក្រវាឡកម្ពុជាទាំង៤រូប ក៏បានចែករំលែកគន្លឹះមួយចំនួនសម្រាប់សុភាពនារីដែលមានបំណងចូលរួមប្រកួតកម្មវិធី Miss Universe Cambodia 2022 នេះផងដែរ។


លោក ម៉ែន និមលរតន៍ នាយកប្រតិបត្តិ CIM ឱ្យដឹងថា លោកមានបំណងរៀបចំឱ្យមានកិច្ចជំនួបបវរកញ្ញាចក្រវាឡ៤ជំនាន់ជាយូរមកហើយ តែដោយសារស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជានៅតែបន្តកើតមាន ជាហេតុនាំឱ្យមានការពន្យាពេលម្តងហើយម្តងទៀត រហូតដល់ពេលនេះដែលស្ថានភាពជំងឺកូវីដ១៩ អាចគ្រប់គ្រងបាន អំណោយផលឱ្យលោកររៀបចំកម្មវិធីនេះឡើងយ៉ាងដូច្នេះ។ 


សូមជម្រាបផងដែរថា ម្ចាស់មកុដតំណាងជាតិទាំង៤រូប នឹងចូលរួមយ៉ាងសកម្មជាមួយកម្មវិធីលើកក្រោយៗទៀត ជាពិសេសពួកគេនឹងធ្វើជាគណៈកម្មការជ្រើសរើសបេក្ខភាពក្រោយៗ ព្រមទាំងចូលរួមផ្ដល់បទពិសោធន៍ដែលខ្លួនធ្លាប់ទទួលបានទាំងការប្រកួតនៅក្នុងប្រទេស និងក្រៅប្រទេស ដើម្បីចែករំលែកដល់បេក្ខភាពតំណាងជាតិក្រោយទៀត។

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024