ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

មន្រ្ដីជំនាញ ក.ប.ប រកឃើញបង្គាចាក់សារធាតុស្រដៀងចាហួយ ជាង ៦តោន នៅក្បែរព្រំដែនវៀតណាម

២២ មករា ២០២២ | ព័ត៌មានជាតិ


ឯកឧត្ដម ឌឹម ថេង អគ្គនាយករងនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការ ប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងបន្ថែមថា  មន្រ្ដីជំនាញបានធ្វើការស្រាវជ្រាវរហូតរកឃើញ និងស្ទាក់ចាប់បានរថយន្តដឹកគ្រឿងសមុទ្រចំនួន ៥គ្រឿងស្ថិតនៅមាត់ច្រកព្រែកចាកនៃខេត្តកំពត ។

 

 

ក្នុងនោះ រថយន្ត ចំនួន ០២គ្រឿង ចាប់បាននៅថ្ងៃទី១៧  និង ០៣គ្រឿងទៀត បន្តរកឃើញ និងចាប់បាន នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ ជារួម បង្គាដែលបានរកឃើញចាក់បញ្ចូលសារធាតុស្រដៀងចាយហួយ មានចំនួន ៣៦៩កេស ស្មើនឹង ៦២៦៨គីឡូក្រាម ។ 

 

 

តាមការបញ្ជាក់បន្ថែមពីឯកឧត្ដម ឌឹម ថេង បង្គាទាំងអស់ខាងលើត្រូវបានមន្រ្តីជំនាញដកហូត និងកម្ទេចចោល។ ដោយឡែក ចំពោះម្ចាស់ទំនិញត្រូវបានរងការពិន័យតាមច្បាប់ជាធរមានពីមន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពត។

 

 

ប្រសាសន៍ ឯកឧត្ដម ឌឹម ថេង ៖«ការងារនេះយើងធ្វើច្រើនដងហើយ មិនមែនតែម្ដងនេះទេ លើកមុនក៏យើងធ្លាប់ធ្វើដែរ  ហើយ នៅតែមានការនាំចូល ហើយឥលូវនេះសមត្ថកិច្ចបានពង្រឹងយន្ដការហើយ គឺថា អត់ច្បាប់យើងចាប់តែម្ដង ទោះមានដាក់ចាហួយ ឬអត់ចាហួយក៏ដោយ  តម្រូវឱ្យអ្នកនាំចូលត្រូវគោរពច្បាប់។

 

ហើយសារធាតុមិនមានភស្ដុតាងណាបញ្ជាក់ថា ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ក៏ដោយ ប៉ុន្ដែ ជាការក្លែងបន្លំមួយ ធ្វើឱ្យខាតបង់សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់។ មួយទៀត កាលណាចាក់ចាហួយនេះ វាធ្វើឱ្យមានមេរោគ និងកើតមានបាក់តេរី  តាមរយៈការអនុវត្តភូតគាមអនាម័យមិនត្រឹមត្រូវពីអ្នកចាក់»។

 

សូមបញ្ចាក់ថា កន្លងទៅអាជ្ញាធរជំនាញបានធ្វើការស្ទាក់ចាប់បានផលិតផលម្ហូបអាហារជាច្រើន ដែលលួចបន្លំដាក់បញ្ចូលនូវសារធាតុ ដែលអាចបង្កគ្រោះថ្នាក់ដោយផ្ទាល់ និងដោយប្រយោលដល់អ្នកប្រើប្រាស់ ដោយបានធ្វើការកម្ទេចចោល និងកសាងសំណុំរឿងបញ្ចូនទៅតុលាការ៕
 

 

 

អត្ថបទ៖ ជុំ ជោគជាតា  រូបភាព៖ ហ្វេសប៊ុក ក.ប.ប និងរូបឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024