ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ប្រជាវប្បករអ្នកចិញ្ចឹមត្រីកម្ពុជាស្នើឲ្យរដ្ឋាភិបាលពង្រឹងវិធានការត្រួតពិនិត្យការនាំចូលត្រីបន្ថែមពីប្រទេសជិតខាង 

២១ មករា ២០២២ | សេដ្ឋកិច្ច

 

ប្រជាវប្បករអ្នកចិញ្ចឹមត្រីកម្ពុជាស្នើឲ្យរដ្ឋាភិបាលពង្រឹងវិធានការត្រួតពិនិត្យការនាំចូលត្រីពីប្រទេសជិតខាងឲ្យបានតឹងរឹង ដូចទៅនឹងវិធានការដែលប្រទេសជិតខាងធ្លាប់បានអនុវត្តលើដំណើរការនាំចេញនៃផលិតផលរបស់កម្ពុជាកន្លងមក។


លោកលក លឿន ប្រជាវប្បករអ្នកចិញ្ចឹមត្រីស្ថិតនៅក្នុងខេត្តកំពង់ចាមបានគូសបញ្ជាក់ប្រាប់ភីអិនអិនថា វិស័យចិញ្ចឹមត្រីកម្ពុជាជួបបញ្ហាប្រឈមជាប់ៗគ្នា៣ឆ្នាំមកហើយ ពិសេសគឺបញ្ហាទីផ្សារតម្លៃត្រីបានធ្លាក់ចុះជាលំដាប់ ខណៈទីផ្សារត្រីនាំចូលបង្កើនការនាំចូល និងបានបន្ទាបថ្លៃត្រីលើទីផ្សារក្នុងស្រុក។

 


យ៉ាងណាងបើតាមការបញ្ជាក់ពីអ្នកចិញ្ចឹមក្នុងស្រុកឲ្យតែដល់រដូវប្រមូលផលត្រីនៅកម្ពុជាគឺប្រទេសជិតខាងតែងតែធ្វើការទម្លាក់ថ្លៃលើផលិតផលត្រីនាំចូលមកកម្ពុជា បើទោះបីទីផ្សារតម្លៃត្រីក្នុងប្រទេសរបស់ខ្លួនមានអត្រាតម្លៃខ្ពស់ជាងទីផ្សារកម្ពុជាក៏ដោយចុះ ក៏លំហូរនាំចូលត្រីមកកម្ពុជាមានតម្លៃដូចទីផ្សារកម្ពុជាដែរ។

 


សូមជម្រាបថា បច្ចុប្បន្នតាមការបញ្ជាក់របស់ប្រជាវប្បករអ្នកចិញ្ចឹមត្រីក្នុងស្រុក ស្ថានភាពនៃការចិញ្ចឹមត្រីនៅកម្ពុជាមិនទាន់មានអីប្រែប្រួលទេ ប៉ុន្តែអ្វីដែលវិស័យត្រីជួបប្រទះនាពេលនេះគឺការប្រឈមទីផ្សារតម្លៃត្រីធ្លាក់ចុះជាង១ពាន់រៀលក្នុង១គីឡូក្រាម ដែលជាទូទៅតម្លៃត្រីឆ្តោលក់ចេញពេលនេះមានតម្លៃត្រឹម៩ពាន់៥០០រៀលក្នុងគីឡូក្រាម ខណៈកាលពីចុងឆ្នាំ២០២១ ត្រីឆ្តោមានតម្លៃលក់ចេញជាង១ម៉ឺន៥០០រៀលក្នុង១គីឡូក្រាម៕

 

 

 

អត្ថបទ: ស៊ឺន សុន និងរូបភាព ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024