ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានប្រាប់សិក្ខាសាលាធុរកិច្ចមួយថា កំណើននៅឆ្នាំ ២០២១ ត្រូវបានប៉ាន់ប្រមាណថា នឹងមានត្រឹមតែ ១% ប៉ុណ្ណោះ ដោយសារវិស័យទេសចរណ៍ដ៏សំខាន់ មិនទាន់ងើបឡើងវិញខ្លាំងនៅឡើយ ប៉ុន្តែការបន្តការលើកលែងចត្តាឡីស័ក សម្រាប់ភ្ញៀវទេសចរបរទេស ចាប់ពីខែកុម្ភៈនេះ គឺអាចជួយលើកស្ទួយស្ថានការណ៍នេះបាន។
ដោយឡែក ចំពោះសន្ទុះនៃការនាំចេញ គឺនៅតែអាចបន្ត បើទោះបីជាមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកក៏ដោយ។រដ្ឋមន្រ្តីរូបនេះ បានបន្ថែមថា រាជរដ្ឋាភិបាលថៃ គ្រោងនឹងវិនិយោគ ២៧ពាន់លានដុល្លារអាមេរិក នៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅឆ្នាំនេះ ដោយរួមមានគម្រោងវិនិយោគសាធារណៈ និងឯកជនផ្សេងទៀតផងដែរ។
លើសពីនេះ បើទោះបីជា រាជរដ្ឋាភិបាលថៃ អនុវត្តគម្រោងខ្ចីប្រាក់ចំនួន ៤៥ពាន់លានដុល្លារអាមេរិករួចហើយក៏ដោយ រដ្ឋ នៅតែអាចខ្ចី ១០% នៃផលិតផលក្នុងស្រុកសរុបបន្ថែមទៀតប្រសិនបើចាំបាច់។
យ៉ាងណាមិញ ជាមួយនឹងតម្លៃទំនិញកើនឡើង រាជរដ្ឋាភិបាលថៃ នឹងព្យាយាមរក្សាអតិផរណាក្នុងរង្វង់គោលដៅ ១% ទៅ ៣% របស់ខ្លួន។នាយកជាន់ខ្ពស់នៅធនាគារកណ្តាលថៃ បាននិយាយថា ធនាគារកណ្តាលថៃ រំពឹង ផលិតផលក្នុងស្រុកសរុប នឹងបង្ហាញពីកំណើន ១% ក្នុងឆ្នាំ ២០២១ និង ៣,៤% នៅឆ្នាំ ២០២២នេះ ដែលថ្មីៗនេះត្រូវបានកាត់បន្ថយពី ៣,៩% បន្ទាប់ពីការផ្ទុះឡើងនៃ មេរោគអូមីក្រុង។
សូមជម្រាបថា នៅឆ្នាំ ២០២២ខាងមុខ រាជរដ្ឋាភិបាលថៃ កំពុងចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចនូវ មូលនិធិវិនិយោគដែលមានតម្លៃ ៣០ពាន់លានដុល្លារអាមេរិក ដែលភាគច្រើនបានមកពីថវិកាឆ្នាំសារពើពន្ធបច្ចុប្បន្ន ក៏ដូចជាពីអ្វីដែលនៅសេសសល់នៃប្រាក់កម្ចីចំនួន ៤៤ពាន់លានដុល្លារអាមេរិក៕
អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ