ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

កម្ពុជា នឹងបញ្ជូនទ័ពមួកខៀវជាង ៤០០នាក់ ទៅប្តូរវេន នៅលីបង់ និងអាហ្វ្រិកកណ្តាល នាដើមខែកុម្ភៈ 

២១ មករា ២០២២ | ព័ត៌មានជាតិ


ប្រសិនគ្មានការប្រែប្រួលនោះទេ កម្ពុជានឹងបញ្ជូនកងកម្លាំងទ័ពមួកខៀវប្រមាណជាង៤០០នាក់ ទៅបំពេញបេសកកម្មក្រោមឆ័ត្ររបស់អង្គការសហប្រជាតិនៅសាធារណរដ្ឋលីបង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល នៅដើមខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ។ នេះបើតាមការរបស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិក្សាសន្តិភាព។

 

 

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានអោយដឹងថា សម្រាប់កម្លាំងកងទ័ពមួកខៀវ ដែលបញ្ជូនទៅបំពេញបេសកកម្មនោះរួមមាន កងវិស្វកម្មពហុជំនាញ លេខ៨២៩ ចេញបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ និងកងវិស្វកម្មសំណង់ លេខ៤៣២ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

 

 

ហើយបច្ចុប្បន្នកម្លាំង ដែលត្រៀមប្តូរគឺ កំពុងហ្វឹកហ្វឺនលើជំនាញវិស្វកម្ម ជំនាញសុខាភិបាល ជំនាញបច្ចេកទេសបើកបររថយន្ត គ្រឿងចក្រ រថយន្តពន្លត់អគ្គីភ័យ និងជួសជុលកម្រិតស្រាល ជំនាញបោសសម្អាតមីនដោយដៃ ដោយគ្រឿងចក្រ កម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះ (EOD, IEDS) ក្បួនយុទ្ធវិធី យុទ្ធដំណើរទ័ព និងជំនាញពាក់ព័ន្ធផ្សេងៗទៀត នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ក្នុងខេត្តកំពង់ស្ពឺ។

 

 

នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា កម្ពុជាមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការទប់ស្កាត់ចំពោះការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅពេលផ្លាស់ប្តូរកងកម្លាំងម្តងៗ ហើយជំហររបស់កម្ពុជា បើទោះបីជាប្រទេសក្រីក្រ និងកំពុងប្រឈមជាមួយកូវីដ១៩ បន្ថែមដោយប្រទេសដែលកងទ័ពមួកខៀវកម្ពុជា ត្រូវទៅបំពេញបេសកកម្ម ក៏កំពុងមានការវាយលុកដោយកូវីដ១៩ ក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា និងកងទ័ពរបស់ខ្លួន មិនបោះបង់ចោលភារកិច្ចក្នុងការចូលរួមថែរក្សាសន្តិភាពនៅតាមប្រទេសនានា ក្រោមឆត្ររបស់អង្គការសហប្រជាជាតិនោះឡើយ ពោលគឺកម្ពុជាចូលរួមដោយស្ម័គ្រចិត្ត និងការទទួលខុសត្រូវក្នុងឋាន:ជាសមាជិកអង្គការសហប្រជាជាតិ។

 

 

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានកម្លាំងមួកខៀវ សរុបជិត ៨០០នាក់ ក្នុងនោះ មាននារីជិត ៨០នាក់ បាន និងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕

 

 

អត្ថបទ៖ សន រដ្ឋា  រូបភាព៖ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024