ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

សាលារាជធានីភ្នំពេញ នឹងផាកពិន័យអ្នកទុកដាក់សំរាមមិនត្រឹមត្រូវ និងបញ្ចេញសំរាមខុសពេលវេលាចាប់ពីថ្ងៃទី១កុម្ភៈតទៅ

២១ មករា ២០២២ | ព័ត៌មានជាតិ


កន្លងមក សាលារាជធានីភ្នំពេញធ្លាប់បានចេញសេចក្តីប្រកាសពាក់ព័ន្ធជាមួយការផាកពិន័យចំពោះអ្នកទុកដាក់សំរាមមិនត្រឹមត្រូវ និងបញ្ចេញខុសតាមពេលវេលាកំណត់ ដោយកំណត់យកថ្ងៃទី ១វិច្ឆិកាឆ្នាំ ២០២១ដើម្បីចាប់ផ្តើមផាកពិន័យ ប៉ុន្តែដោយមានការស្នើសុំឱ្យពន្យាពេលពីសំណាក់ប្រជាពលរដ្ឋ ការផាកពិន័យនេះត្រូវបានពន្យាជាបន្តបន្ទាប់។ 

 

 

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ចាប់ពីថ្ងៃទី ១កុម្ភៈឆ្នាំ ២០២២នេះតទៅ កិច្ចការផាកពិន័យចំពោះអ្នកដែលទុកដាក់សំរាមមិនបានត្រឹមត្រូវតាមការកំណត់របស់រដ្ឋបាលរាជធានីភ្នំពេញកន្លងមក នឹងមិនត្រូវបន្តពន្យាពេលទៀតនោះទេ ដោយបញ្ហាគ្រប់គ្រងសំរាមនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញគឺចាំបាច់ត្រូវតែចាប់ផ្តើមអនុវត្ត។ 

 

 

លោក មេត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញលើកឡើងដែរថា បញ្ហានេះមិនអាចបន្តពន្យាពេលតាមការស្នើរបស់ប្រជាពលរដ្ឋទៀតនោះទេ ព្រោះវិធីដែលអាចតម្រង់ទិសដល់ពួកគេបាន គឺមានតែការផាកពិន័យតែបណ្តោះ។ លោកបន្តថា នៅក្នុងអំឡុងពេលដែលពន្យាការផាកពិន័យ គឺសង្កេតឃើញថាពលរដ្ឋមួយចំនួននៅតែមិនចូលរួមអនុវត្តចំពោះវិធានការនេះដដែល។ 

 

 

ការរៀបចំវិធានការដើម្បីផាកពិន័យចំពោះអ្នកដែលបែងចែកសំរាម និងបញ្ចេញមិនត្រឹមត្រូវទាំងនេះ ធ្វើឡើងក្នុងគោលបំណងរក្សាសោភ័ណភាពប្រទេសឱ្យកាន់តែស្អាត មិនមានសំរាមនៅពាសវាលពាសកាល និងជាផ្នែកមួយអាចទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនបន្ថែមទៀត។ 

 

 

ដោយឡែកយោងតាមអនុក្រឹតលេខ១១៣ ស្តីពីការគ្រប់គ្រងសំណល់រឹងទីប្រជុំជន ចុះថ្ងៃទី ២៧ សីហាឆ្នាំ ២០១៥ បានចែងថា ចំពោះករណីដែលមិនអនុវត្តតាមការកំណត់ អាជ្ញាធរនឹងធ្វើការពិន័យចំពោះលំនៅឋាននឹងត្រូវពិន័យពី ១ម៉ឺនដល់ ២លានរៀលក្នុងករណីមិនគោរពតាមការកំណត់ និងចំពោះទីតាំងអាជីវកម្ម ក៏ដូចជាការដ្ឋានជាដើម នឹងត្រូវពិន័យពី ១លាន ដល់៥០លានរៀល និងត្រូវផ្អាកអាជីវកម្ម ឬទីតាំងប្រសិនបើក្នុងករណីធ្ងន់ធ្ងរ។

 

ក្នុងករណីដែលជនណាម្នាក់មិនរាងចាលក្នុងការផាកពិន័យ ជននោះនឹងត្រូវពិន័យជាប្រាក់ទ្វេរដង និងចំបោះបុគ្គលដែលមិនបង់ប្រាក់ពិន័យក្នុងរយៈពេល ៣០ថ្ងៃ នោះចំនួនប្រាក់ពិន័យនឹងត្រូវដំឡើងជា ២ដង និងបើលើសពី ៦០ថ្ងៃចំនួនប្រាក់ពិន័យនឹងត្រូវដំឡើងជា ៣ដង ហើយប្រសិនបើផុតរយៈពេល ៩០ថ្ងៃ អាជ្ញាធរត្រូវរៀបចំឯកសារប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន៕

 

 

អត្ថបទ៖ អ៊ីសា ហាសាណះ  រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024