ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

អន្ទាក់ជាង ៦ម៉ឺន ត្រូវដោះ កាំភ្លើងកែច្នៃជាង ៧០០ ត្រូវបានដកហូត នៅក្នុងឆ្នាំ២០២១ 

២១ មករា ២០២២ | ព័ត៌មានជាតិ


មន្ត្រីឧទ្យានុរក្ស នៃ ក្រសួងបរិស្ថាន រួមជាមួយអង្គការអភិរក្សជាដៃគូ និងសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងឆ្នាំ២០២១ កន្លងទៅនេះ អន្ទាក់ចំនួន ៦ ម៉ឺន ១ ពាន់ ៦១១ ដែលជាឃាតកលាក់មុខសម្លាប់សត្វព្រៃ និង បង្កគ្រោះថ្នាក់ដល់មនុស្ស ព្រោះមានប្រភេទអន្ទាក់ឆក់ខ្សែភ្លើង អន្ទាក់វាយបំបាក់ស្មងជើង និងប្រភេទផ្សេងៗទៀត ត្រូវបានដោះចេញពីក្នុងតំបន់ការពារធម្មជាតិ ដែលបានជួយសង្គ្រោះសត្វព្រៃមិនឱ្យជាប់អន្ទាក់របស់ព្រានព្រៃ និងគ្រោះថ្នាក់ដល់មនុស្ស ។ នេះបើតាមការអះអាងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ។ 

 


ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា  បានបន្ថែមថា បរិមាណអន្ទាក់ដែលត្រូវបានដោះនៅឆ្នាំ ២០២១ កន្លងទៅនោះ បានកើនឡើងប្រមាណជាង ២០ ភាគរ បើធៀបនឹងបរិមាណអន្ទាក់ដែលត្រូវបាដោះចេញ ឆ្នាំ២០២០ ដែលមានចំនួន ៤ ម៉ឺន ៣ ពាន់ ២៧០ អន្ទាក់ ។

 

 

ការកើនឡើង នៃ ចំនួនអន្ទាក់នេះ ដោយសារតែសម្ភារសម្រាប់ធ្វើអន្ទាក់មានលក់នៅលើទីផ្សារ និងមានតម្លៃថោក ហើយថាមិនមែនតែកម្ពុជាទេ ដែលមានបញ្ហាប្រឈមនឹងវត្តមានអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិ សូម្បីតំបន់អភិរក្សនៅតាមបណ្តាប្រទេសនានាក្នុងទ្វីបអាស៊ី ក៏សុទ្ធតែទទួលរងនូវការគំរាមកំហែងដោយសារតែអន្ទាក់ដែរ គឺនៅទូទាំងអាស៊ីទាំងមូល មានអន្ទាក់ ប្រមាណជាជាង ១២លាន ត្រូវបានលួចដាក់ក្នុងតំបន់ការពារ ។

 


ក្រៅពីអន្ទាក់ដ៏ច្រើនសន្ធឹកសន្ធាប់ខាងលើនេះទៅ មន្ត្រីឧទ្យានុរក្សក៏បានដកហូតកាំភ្លើងកែច្នៃប្រើប្រាស់ សម្រាប់ការប្រមាញ់សត្វព្រៃ បានចំនួន ៧៥៨ ដើមដែរ នៅក្នុងឆ្នាំ ២០២១ នោះ ដែលបរិមាណនេះមិនបានថមថយទេ គឺប្រហាក់ប្រហែលទៅនឹងកាំភ្លើងកែច្នៃ ដែលត្រូវបានដកហូតកាលពីឆ្នាំ ២០២០ ដែរ ។ កាំភ្លើងកែច្នៃ មិនមែនគំរាមកំហែងតែចំពោះអាយុជីវិតសត្វព្រៃប៉ុណ្ណោះទេ  ប៉ុន្តែកាំភ្លើងកែច្នៃ ក៏ជាអាវុធដ៏គ្រោះថ្នាក់បំផុតផងដែរ សម្រាប់មនុស្ស ។ 

 


ទន្ទឹមនឹងការដោះអន្ទាក់ និង ដកហូតអាវុធកែច្នៃដ៏គ្រោះថ្នាក់ទាំងនោះទៅ សត្វព្រៃជាច្រើនក្បាលត្រូវបានសង្គ្រោះនៅនឹងកន្លែង និងព្រលែងចូលក្នុងព្រៃធម្មជាតិវិញ ហើយចំពោះសត្វព្រៃដែលរងរបួស ឬសុខភាពមិនអំណោយផល ក្រុមមន្ត្រីឧទ្យានុរក្សបានទាក់ទងក្រុមមន្ត្រីជំនាញពេទ្យសត្វ ដើម្បី យកមកថែរក្សានិងព្យាបាលឱ្យជាសះស្បើយ មានសុខភាពល្អ មុននឹងព្រលែងចូលក្នុងព្រៃធម្មជាតិវិញ ។ 


ក្នុងន័យនេះ ឯកឧត្តម នេត្រ ភក្ត្រា ក្នុងនាមក្រសួងបរិស្ថាន បានកោតសរសើរនិងថ្លែងអំណរគុណចំពោះមន្ត្រីឧទ្យានុរក្ស អង្គការដៃគូ និងសហគមន៍តំបន់ការពារធម្មជាតិទាំងអស់ ។ ទោះយ៉ាងណា ក្រៅតែពីអន្ទាក់ និង ការបរបាញ់ដោយកាំភ្លើងកែច្នៃទៅ សត្វឆ្កែប្រដេញ ក៏ជាមូលហេតុនាំឱ្យប៉ះពាល់ដល់សត្វព្រៃផងដែរ ដោយសារប្រជាជនមួយចំនួន បានចិញ្ចឹមសត្វឆ្កែប្រដេញជាហ្វូង ដើម្បីបណ្តើរចេញទៅប្រមាញ់សត្វព្រៃ ដែលជាកត្តារួមផ្សំធ្វើឱ្យចំនួនសត្វព្រៃបានថយចុះ និង ស្លាប់ ដែរ ។

 
ហេតុនេះ ឯកឧត្តម នេត្រ ភក្ត្រា បានអំពាវនាវ និង សំណូមពរយ៉ាងទទូចថា ដើម្បី ចូលរួមចំណែកបញ្ឈប់ការបរបាញ់សត្វព្រៃ និង បញ្ឈប់ការដាក់អន្ទាក់ចាប់សត្វព្រៃ សូមសាធារណជនទាំងអស់ មេត្តាកុំបរិភោគសាច់សត្វព្រៃ កុំជួញដូរសត្វព្រែ កុំជឿលើជំនឿថាបរិភោគសាច់សត្វព្រៃ ឈាម ឬយកឆ្អឹងសត្វព្រៃទៅធ្វើឱសថប៉ូវកម្លាំង ឬ ជំនួយដល់សុខភាពជាដើម ។

 

កុំជឿព្រោះថា ធាតុពិតវាអាចនឹងធ្វើឱ្យបងប្អូនប្រឈមនឹងគ្រោះថ្នាក់ជាច្រើនប្រការទៅវិញទេ ដោយសារនៅក្នុងសាច់សត្វព្រៃទាំងនោះ អាចមានមេរោគផ្សេងៗជាច្រើន រួមទាំងមេរោគដ៏គ្រោះថ្នាក់ផង ព្រោះគ្មានអ្នកណាម្នាក់ត្រួតពិនិត្យ ឬ គ្រប់គ្រងលើស្ថានភាពសត្វទាំងនោះឡើយ  ៕
 

 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ ក្រសួងបរិស្ថាន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024