ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ក្រសួងការងារ បញ្ចប់ការផ្តល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារ ដល់កម្មករដែលព្យួរការងារក្នុងវិស័យវាយនភណ្ឌ ខណៈវិស័យទេសចរណ៍នៅបន្តទទួលបានដដែល

២១ មករា ២០២២ | ព័ត៌មានជាតិ


ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ បានបញ្ជាក់ថា ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស ត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលធ្វើឱ្យរោងចក្រ សហគ្រាស ភាគច្រើនបានចាប់ផ្ដើមមានដំណើរការជាប្រក្រតីឡើងវិញ និងយោងសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជរដ្ឋាភិបាលបានសម្រេច បញ្ចប់ការអនុវត្តវិធានការរាជរដ្ឋាភិបាលក្នុងការផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៤០ដុល្លារអាមេរិក ក្នុង ១ខែ សម្រាប់កម្មករ និយោជិតដែលព្យួរកិច្ចសន្យាការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើ ដំណើរ និងកាបូប គិតចាប់ពីខែមករា ឆ្នាំ២០២២ តទៅ ខណៈបងប្អូនកម្មករនិយោជិតដែលព្យួរកិច្ចសន្យា ការងារក្នុងវិស័យទេសចរណ៍នៅទទួលបានប្រាក់ឧបត្ថម្ភដដែល រហូតដល់វិស័យនេះមានសភាពធូរស្បើយ ជាងនេះ។

 


ក្រសួងការងារ បានបន្តថា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ត្រូវអនុវត្តការព្យួរកិច្ចសន្យាការងារ ស្របតាមខ្លឹមសារមាត្រា៧១ និង ៧២ នៃច្បាប់ស្តីពីការងារ ឬតាមការព្រមព្រៀងគ្នារវាងនិយោជក និងកម្មករនិយោជិត។

 


បើតាមការឲ្យដឹងពីឯកឧត្តម ហេង សួរ អ្នកនាំពាក្យក្រសួងការងារ គិតចាប់ពីត្រីមាសទី២ ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ រោងចក្រ សហគ្រាសក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលិតផលធ្វើដំណើរ និងកាបូបដែលបានព្យួរផ្នែកខ្លះនៃកិច្ចសន្យាការងារ មានចំនួន ៥៥២ រោងចក្រ។

 

 

ក្នុងការផ្តល់ប្រាក់ឧបត្ថម្ភក្នុងអំឡុងពេលព្យួរការងារ ដោយសារវិបត្តិកូវីដ១៩ កន្លងមកនេះ គឺមានកម្មករនិយោជិតចំនួនជិត ៣៣ម៉ឺននាក់បានទទួលប្រាក់អត្ថប្រយោជន៍នេះ ដោយរាជរដ្ឋាភិបាលបានចំណាយប្រាក់ឧបត្ថម្ភជាង ២៣លានដុល្លារ៕
 

 

 

អត្ថបទ៖ អឿន ភារ៉ា   រូបភាព៖ ឯកសារ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024