ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

អ្នកជំនាញថាការផ្តើមបើកទេសចរអាស៊ានជាក្តីសង្ឃឹមនៃការងើបឡើងវិញនៃវិស័យអចលនទ្រព្យ និងសំណង់

២០ មករា ២០២២ | សេដ្ឋកិច្ច

 

អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យថា ការផ្តើមបើកទេសចរអាស៊ាននៅដើមឆ្នាំ២០២២ នេះ ក៏ជាក្តីសង្ឃឹមនៃការងើបឡើងវិញនៃវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាដែរ បន្ទាប់ពីវិស័យនេះត្រូវរងផលប៉ះពាល់ដោយសារតែបញ្ហាជំងឺកូវីដ ១៩ ដែលបានបង្អាក់សកម្មភាពនៃការវិនិយោគលើវិស័យអលនទ្រព្យមួយចំនួននាឆ្នាំកន្លងទៅ។

 


លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអលនវត្ថុកម្ពុជាបានគូសបញ្ជាក់ប្រាប់ភីអិនអិនថា នៅឆ្នាំ២០២២ នេះវិស័យសំណង់ និងអចលនទ្រព្យចាប់ផ្តើមមានសញ្ញាល្អឡើងវិញជាបណ្តើរៗហើយ ហើយសង្ឃឹមថាវិស័យអាចនឹងវិលមករកសភាពធម្មតាវិញក្រោយពីកម្ពុជាប្រកាសបើកទទួលភ្ញៀវទេសចរអាស៊ាន។

 


លោកប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានបន្តអះអាងថា តាមរយៈលំហូរភ្ញៀវទេសចរអាស៊ានទាំងអស់នេះ ក៏នឹងមានបញ្ចូលនៃលំហូរវិនិយោគទុនក្នុងវិស័យអលនទ្រព្យមកជាមួយដែរ ពិសេសគឺវិនិយោគទុនបរទេសដែលធ្លាប់មានគម្រោងវិនិយោគរបស់ខ្លួននៅកម្ពុជាពីមុន នឹងបន្តការវិនិយោគបន្ថែមតទៅទៀត។


លោកច្រឹក សុខនីមបានបន្ថែមទៀតថា តាមរយៈការអង្កេត អ្នកវិនិយោគនៅតែបន្តការវិនិយោគជាធម្មតានៅកម្ពុជា ដែលក្នុងនោះភាគច្រើននៃពួកគាត់ដែលបានចូលមកកម្ពុជាពេលនេះរួមមានក្រៅអំពីភ្ញៀវទេសចរគឺមានអ្នកបច្ចេកទេស និងអ្នកគ្រប់គ្រងលើគម្រោង។


យ៉ាងណាបើតាមឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់គូសបញ្ជាក់ថា កាលពីឆ្នាំ២០២១ កន្លងមកនេះ កម្ពុជាបានសម្រេចផ្តល់លិខិតអនុញ្ញាតសាងសង់ប្រមាណជាង ៤ពាន់៣០០គម្រោង ជាមួយនឹងទុនវិនិយោគជាង៥ពាន់៣៣៣ លានដុល្លារ។


ភាគច្រើននៃគម្រោងដែលបានស្នើសុំសាងសង់ក្នុងឆ្នាំ២០២១ រួមមានអគារពាណិជ្ជកម្ម អគារផ្សារ សណ្ឋាគារ សំណង់អគារលំនៅដ្ឋានលក្ខណៈបុរី ប្រភេទផ្ទះល្វែង សំណង់អគារ សំណង់គារពហុមុខងារ និងសំណង់ឧស្សារោងចក្រជាដើម។


ឯកឧត្តម ឡៅ ទិព្វសីហាបន្ថែមថា នៅឆ្នាំ២០២២ នេះ វិស័យសំណង់កម្ពុជានឹងនាំមកនូវការរីកចម្រើនបន្ថែមទៀត ដោយសារតែមានលំហូរទុនវិនិយោគពីបរទេស និងវិនិយោគទុនក្នុងស្រុកមានការកើនឡើង ខណៈតម្រូវការទីផ្សារចាប់ផ្តើមកក្រើកឡើងវិញ៕

 

 

អត្ថបទ: ស៊ឺន សុន និងរូបភាព ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024