ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ថៃ ចាប់ផ្តើមការដឹកជញ្ជូនអង្ករ តាមផ្លូវដែកឡាវ-ចិន ជាលើកដំបូង

២០ មករា ២០២២ | សេដ្ឋកិច្ច

 

ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងកសិកម្មថៃ បាននិយាយថា ការនាំចេញផលិតផលកសិកម្មផ្សេងទៀតដោយប្រើផ្លូវដែកថ្មី នឹងដើរតាមគំរូនេះ ដោយការដឹកជញ្ជូនអង្ករដំបូង ត្រូវបានដឹកតាមរទេះចំនួន ២០ ហើយបានទៅដល់ក្រុង ឆុងឈីង រួចហើយ។

 


ផ្លូវដែក ដែលបានចាប់ផ្តើមបម្រើសេវាកម្ម កាលពីដើមខែមុន បានបើកលទ្ធភាពនៃការពង្រីកផ្លូវនាំចេញ  ទៅកាន់ខេត្តផ្សេងទៀតរបស់ចិន និងឆ្ងាយជាងនេះទៅអាស៊ីកណ្តាល អាស៊ីបូព៌ា មជ្ឈិមបូព៌ា រុស្ស៊ី និងអឺរ៉ុប។


មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្មថៃ បាននិយាយថា រដ្ឋាភិបាលកំពុងសម្លឹងមើលការនាំចេញផ្លែឈើ ផ្កាអ័រគីដេ កៅស៊ូ ដំឡូងមី ប្រេងដូង ផលិតផលនេសាទ និងបសុសត្វ នៅលើផ្លូវរថភ្លើងថ្មីនេះ។


ផ្លែឈើថៃ អាចទៅដល់ទីក្រុង ឆុងឈីង ក្នុងរយៈពេល ១ ទៅ ២ថ្ងៃ ដោយរក្សាបាននូវភាពស្រស់ ដោយសារផ្លូវរថភ្លើង ដែលវាជាសក្តានុពល ក្នុងពង្រីកដល់ទីផ្សារក្នុងប្រទេសចិន។


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានលើកឡើងថា កិច្ចសហប្រតិបត្តិការដឹកជញ្ជូន បើសិនជាអាចសម្រេចបាន វានឹងជួយលើកកម្ពស់ពាណិជ្ជកម្មឆ្លងព្រំដែនរួមរវាងថៃ និងឡាវ ព្រមទាំង ចិន ផងដែរ។


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ ក៏បានសន្យាថា នឹងប្រើប្រាស់ផ្លូវរថភ្លើងល្បឿនលឿនឡាវ-ចិន ឱ្យល្អបំផុតដើម្បីដឹកជញ្ជូនផលិតផលបន្ថែមទៀត។បច្ចុប្បន្ន ប្រទេសចិន អនុញ្ញាតឱ្យដឹកជញ្ជូនទំនិញ ដែលទាក់ទងនឹងរ៉ែ កៅស៊ូ និងដំឡូងមីតែប៉ុណ្ណោះ តាមរយៈផ្លូវរថភ្លើងល្បឿនលឿន តែយ៉ាងណា ថៃ ចង់ចរចាជាមួយរដ្ឋាភិបាលចិន ដើម្បីអនុញ្ញាតឱ្យដឹកជញ្ជូនផ្លែឈើថៃ ក្នុងរដូវប្រមូលផលខាងមុខ រវាងខែមីនាដល់ខែឧសភាឆ្នាំនេះ។


សូមរម្លឹកបន្តិចថា ប្រទេសថៃ ដាក់គោលដៅនាំចេញអង្ករប្រមាណ ៧លានតោន ក្នុងឆ្នាំ ២០២២ លើសពីឆ្នាំ ២០២១នេះ ដែលកំណត់ត្រឹមតែជាង ៦លានតោន៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024