ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

មិនដឹងសោះ វី ឌីណែត មានសំពាធដល់ថ្នាក់នេះរហូតចង់បញ្ចប់អាជីពសិល្បៈ! 

២០ មករា ២០២២ | កម្សាន្ដ

 

តស៊ូក្នុងសិល្បៈយ៉ាងលំបាកជិត ១០ ឆ្នាំ ទំរាំឈរជើងបានដូចសព្វថ្ងៃ តែអ្វីដែលគួរឱ្យស្តាយបំផុតតារាចម្រៀង វី ឌីណែត បែរជាមានបំណងបោះបង់អាជីពសិល្បៈចោលទាំងស្រុងទៅវិញ ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនសម្តែងនូវការសោកស្តាយ និងចង់ឱ្យនាងបន្តនៅក្នុងអាជីពនេះជាបន្តទៀត។ 

 


កាលពីពេលថ្មីៗនេះ វី ឌីណែត បានប្រកាសនៅលើហ្វេសប៊ុករបស់ខ្លួនថា « បន្តិចទៀតឈប់ច្រៀងហើយ » តាមរយៈសារនេះបានធ្វើរង្គោះរង្គើរខ្លាំងក្នុងពិភពសិល្បៈ រហូតធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល និងចង់ដឹងថា តើបណ្តាលមកពីមូលហេតុអ្វីទើបធ្វើឱ្យ វី ឌីណែត សម្រេចចិត្តបោះបង់អាជីពសិល្បៈចោលបែបនេះ ? 
តារាចម្រៀងរូបនេះ បានទទួលស្គាល់ថា នាងពិតជាមានបំណងនឹងឈប់ពីសិល្បៈយ៉ាងពិតប្រាកដមែន ដោយសារនាងមានអារម្មណ៍ ហត់នឿយនិងជីវិតសិល្បៈពេក មើលទៅមិនទៅមុខសោះ ។

 

 

ទោះបីជាប្រកាសបែបនេះ វី ឌីណែត នៅពុំទាន់ដឹងថា នឹងបញ្ចប់អាជីពសិល្បៈនៅពេលណាមួយច្បាស់លាស់ទេ នាងគ្រាន់តែបង្ហើបប្រាប់យ៉ាងខ្លីថា « ខ្ញុំនឹងលាឈប់ពីសិល្បៈក្នុងពេលឆាប់ៗនេះ ពេលនេះខ្ញុំកំពុងរងចាំមើលការងារមួយសិន រាល់ថ្ងៃខ្ញុំទទួលរងសម្ពាធផ្លូវចិត្តច្រើនណាស់ » ។ 

 


បើតាមប្រភពព័ត៌មានស្និទ្ធជាមួយតារាចម្រៀង វី ឌីណែត បានបង្ហើបប្រាប់ថា វី ឌីណែត គ្រោងបញ្ចប់អាជីពចម្រៀង ដោយសារនាងទទួលរងសម្ពោធជាច្រើន ជាពិសេសនាងមានអារម្មណ៍បាក់ទឹកចិត្ត ខ្លាំងមួយរយៈពេលចុងក្រោយនេះ ។ ណាមួយស្ថានភាពជំងឺពកករបស់នាងក៏កំពុងធ្វើទុក្ខបុកម្នេញនាងផងដែរ ។

 


ថ្វីដ្បិតតែ វី ឌីណែត មានគម្រោងនឹងឈប់ពីសិល្បៈ ប៉ុន្តែនាងនៅពុំទាន់មានគម្រោងរៀបការដូចពាក្យចចាមអារ៉ាមដែលបានលើកឡើងថា នាងនឹងឈប់ពីសិល្បៈដើម្បីត្រៀមខ្លួនធ្វើជាកូនក្រមុំនោះទេ នាងថា នាងនៅពុំទាន់រកឃើញជីវិតគូនៅឡើយទេ ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឯកសារ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024