ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

កែ ចាន់កេសី បើកថ្នាក់បង្រៀនបង្ហាញដើរម៉ូដ និងថតរូបបែប Fashion 

២០ មករា ២០២២ | កម្សាន្ដ

 

តារាបង្ហាញម៉ូដជើងចាស់កញ្ញា កែ ចាន់កេសី ដែលទើបផ្លាស់ប្តូរឈ្មោះថ្មីថា កែ រចនាទេវី ថ្មីៗនេះបានប្រកាសបើកថ្នាក់បង្ហាត់បង្រៀនជំនាញបង្ហាញម៉ូដ និងការថតរូបបែប Fashion ដល់យុវជនជំនាន់ក្រោយដែលស្រលាញ់ និងមានបំណងចង់ប្រឡូកវិស័យនេះ។

 


ថ្នាក់បង្រៀនរបស់តារាបង្ហាញម៉ូដជើងចាស់រូបនេះ មានឈ្មោះថា WALKFIT (វ៉កហ្វីត)។ ថ្នាក់នេះ មានបង្រៀនការដើរម៉ូដបែប High Fashion ការដើរបែបប្រពៃណីបុរាណ ដើរបែប Catwalks និងការដើរបែបបវរកញ្ញា និងបង្រៀនថតរូបបែប Fashion គ្រប់ទម្រង់ រួមទាំងការសម្តែង ផងដែរ។

 


កែ ចាន់កេសី ប្រាប់ឱ្យ PNN ដឹងថា គោលបំណងចម្បងដែលកញ្ញាសម្រេចបើកថ្នាក់បង្រៀននេះ ព្រោះកញ្ញាចង់ឃើ់ញវិស័យនេះរីកចម្រើន និងចង់ចូលរួមជម្រុញវិស័យបង្ហាញម៉ូដនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងជាងបច្ចុប្បន្ន នៅពេលវិស័យនេះកំពុងតែពុះកញ្ជ្រោលខ្លាំងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ម៉្យាង កញ្ញាចង់ឱ្យសុភាពនារីទាំងឡាយមានភាពជឿជាក់លើខ្លួនឯង មិនថាគ្រប់គ្នាមានរូបរាង ពណ៌សម្បុរ បែបណានោះទេ។ 

 


ក្រៅពីការបង្ហាញដើរបង្ហាញម៉ូដ និងថតរូបបែប Fashion ហើយនោះ ថ្នាក់បង្រៀន WALKFIT របស់ កញ្ញា កែ ចាន់កេសី ក៏មានជួយកែដំណើរសម្រាប់អ្នកដែលគិតថាខ្លួនឯង ដើរមិនទាន់ស្អាតផងដែរ។

 


បច្ចុប្បន្ន ថ្នាក់បង្ហាញម៉ូដរបស់នាងទទួលបានកូនសិស្សជាច្រើននាក់ហើយ។ កញ្ញារំពឹងថា ក្រោយចប់ការសិក្សា កូនសិស្សរបស់នាងអាចប្រើជំនាញនេះ ដើម្បីសាងឈ្មោះនៅលើវិថីហ្វេសសិន ឬសិល្បៈ និងអាចទទួលបានប្រាក់ចំណូលច្រើនទៅថ្ងៃអានាគត។

 


គួររំលឹកថា កញ្ញា កែ ចាន់កេសី ត្រូវគេចាត់ទុកជាតារាម៉ូដែលជួរមុខលំដាប់ប្រទេស និងជាតារាម៉ូដែលម្នាក់ដែលលេចមុខលើគ្របទស្សនាវត្តីក្នុងស្រុកញឹកញាប់ជាងគេ។ ច្រើនឆ្នាំកន្លងទៅ នាងរមែងលេចមុខតាមកម្មវិធីបង្ហាញម៉ូដថ្នាក់ជាតិ និងអន្តរជាតិ រួមទាំងការដើរបង្ហាញម៉ូដពេជ្រ ឱ្យហាងពេជ្រយីហោល្បីៗជាច្រើនទៀតផង។ 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ឱ្យ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024